ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវឲ្យពលរដ្ឋ បន្តទុកចិត្តលើការព្យាបាលរបស់ក្រុមគ្រូពេទ្យខ្មែរ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តទុកចិត្តលើការព្យាបាលរបស់ ក្រុមគ្រូពេទ្យខ្មែរ ។

ថ្លែងក្នុងពិធីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ” ខេត្តកណ្តាល នាព្រឹកថ្ងៃ១៣ មីនា សម្ដេចធិបតី មានប្រសាសន៍ថា «ថវិកាមិនច្រើនទេ ប៉ុន្តែត្រូវចំណាយឲ្យចំ ចឹងសមិទ្ធផលនៅទីនេះ ធ្វើហើយគឺបម្រើប្រជាពលរដ្ឋ គឺសូមបន្តនិងរួមគ្នា កសាងនិងបំពាក់បន្ថែមទៀត ហើយប្រជាពលរដ្ឋយើងសូមបន្តទុកចិត្ត ទៅលើគ្រូពេទ្យខ្មែររបស់យើង ពិតណាស់យើងមិនអាចព្យាបាល គ្រប់ជំងឺទាំងអស់ទេ គ្រូពេទ្យធ្វើជំនាញទេវតា តែមិនមែនទេវតាទេ មើលកន្លែងខ្លះក៏មិនត្រូវដែរ» ។

សម្ដេចធិបតី លើកឡើងថា គ្រូពេទ្យខ្មែរទូទាំងប្រទេសបានព្យាបាល ប្រជាពលរដ្ឋរាប់សិបលាននាក់ ក្នុងរយៈពេលរាប់ឆ្នាំមកនេះ ឲ្យជាសះស្បើយ រួមទាំងក្នុងដំណាក់កាលវិបត្តិកូវីដ១៩ មានអ្នកឈឺធ្ងន់បំផុត គឺក្រុមគ្រូពេទ្យបានជួយសង្គ្រោះទោះមិនបាន ១០០% ក៏បានពី៦០-៧០% ដែរ ។

សម្ដេចបញ្ជាក់បន្ថែមថា «សូមទុកចិត្តការអភិវឌ្ឍ និងសមត្ថភាពពេទ្យរបស់យើង ហើយខ្ញុំសុំឲ្យពេទ្យរបស់យើង ដែលជាសេនារបស់ទេវតា បន្តខិតខំយកចិត្តទុកដាក់ទៅលើការពង្រឹង សីលធម៌ ជំនាញ និងការទទួលខុសត្រូវ» ។

ជាមួយគ្នានោះសម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឲ្យក្រសួងសុខាភិបាល ខិតខំជួយដល់គ្រូពេទ្យ មិនថារដ្ឋ ឬឯកជន ដើម្បីឲ្យពួកគាត់មានលទ្ធភាព បង្កើនគុណវឌ្ឍ និងប្រគល់សិទ្ធិ ការទទួលខុសត្រូវ និងការចូលរួមរបស់គាត់ក្នុងការព្យាបាល ប្រជាពលរដ្ឋ ។

សម្ដេចថ្លែងថា ប្រជាពលរដ្ឋចង់បានតែសុខភាពល្អ អាយុយឺនយូរ ។ សម្ដេចថា បើដោះស្រាយភារកិច្ចទាំងពីរនេះបាន គឺវិស័យសុខាភិបាលគឺជោគជ័យហើយ ៕

To Top