ព័ត៌មានជាតិ

លោក វង្សី វិស្សុត៖ ព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហាតែកម្ពុជានោះទេ តែប៉ះពាល់ដល់ពិភពលោកទាំងមូល

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាគឺជាបញ្ហាប្រឈមមួយដ៏ធំ និងគំរាមកំហែងដល់ ការអភិវឌ្ឍន៍របស់ពិភពលោកទាំងមូល ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យ AI និងសន្តិសុខសាយប័រ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដែលសហការរៀបចំ ដោយគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក វង្សី វិស្សុត បានលើកឡើងថា ក្នុងផ្នែកសន្តិសុខ ព័ត៌មានក្លែងក្លាយ បាននិងកំពុងគំរាមកំហែង ដល់គ្រប់ទិដ្ឋភាពទាំងអស់ របស់សន្តិសុខសង្គម និងមនុស្ស មានជាអាទិ៍៖ សន្តិសុខនយោបាយ, សន្តិសុខសេដ្ឋកិច្ច, សន្តិសុខគតិយុត្តនិងយុត្តិធម៌ និងសន្តិសុខបុគ្គល។

ការណ៍នេះទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋទូទៅត្រូវមានស្មារតី ប្រកបដោយបុរេសកម្ម, មានការយល់ដឹងពីបច្ចេកវិទ្យា, យល់ដឹងពីផលប្រយោជន៍ គ្រោះថ្នាក់ និងហានិភ័យនៃបច្ចេកវិទ្យា ក៏ដូចជាបច្ច័យរបស់វាទៅលើសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេស ហើយត្រូវឆ្លើយតបឱ្យបានលឿនបំផុត ដើម្បីបន្សាបឥទ្ធិពលនៃបច្ចេកវិទ្យា ឬ ព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា។

ក្នុងន័យនេះ ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI) និងសន្តិសុខសាយប័រ គឺជាកិច្ចការដ៏សំខាន់មួយ ហើយរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ច ដោយស្មារតីបុរេសកម្ម ហើយត្រូវតាមដាន គ្រប់គ្រងព័ត៌មានឱ្យបានលឿន និងចូលរួមទប់ស្កាត់ បង្កា និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយទាំងនោះឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា នេះគឺជាបេសកកម្មអាទិភាពឆ្លើយតបទៅនឹងការគំរាមកំហែង ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេស តាមរយៈការប្រើបច្ចេកវិទ្យា AI ក្នុងផ្លូវអាក្រក់។

លោកបានបន្តថា សម័យនេះជាសម័យបច្ចេកវិទ្យាព័ត៌មាន និង ទិន្នន័យ(Data) ប៉ុន្តែព័ត៌មាន និងទិន្នន័យទាំងនោះ មានទាំងពិត និងមិនពិត មានទាំងល្អ មានទាំងមិនល្អ ហើយប្រសិនបើអ្នកណា អាចគ្រប់គ្រងបញ្ហានេះបាន អ្នកនោះនឹងអាចក្លាយជាអ្នកឈ្នះ ទាំងកម្រិតប្រទេស ស្ថាប័ន ក្រុមហ៊ុន ឬ បុគ្គល។ ក្នុងន័យនេះ ការទទួលបានព័ត៌មាន និងទិន្នន័យជារឿងសំខាន់មួយ ហើយតែអ្វីរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន និងទិន្នន័យទាំងនោះឱ្យក្លាយជាប្រយោជន៍ដល់ការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោកវង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ប្រព័ន្ធបច្ចេកវិទ្យាគ្មានបេះដូងទេ តែមានប្រយោជន៍ និងជាកាតាលីករជួយបង្កើនប្រសិទ្ធភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, បង្កើនផលិតភាពការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ច ដែលជាអ្វីដែលប្រទេសនីមួយៗចង់បាន ព្រោះកំណើនសេដ្ឋកិច្ចជាដង្ហើម ដែលប្រទេសនីមួយៗមិនអាចខ្វះបាន សម្រាប់បម្រើឱ្យការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ តែប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចជះឥទ្ធិពលអវិជ្ជមាន មកលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច នយោបាយ និងសន្តិសុខផងដែរ៕

To Top