ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មានឱកាសការងារប្រមាណ ជាង២៥០០កន្លែង សម្រាប់ជូនកម្មករ រោងចក្រY & W ដើម្បីបន្តនិរន្តរភាព ជីវភាពគ្រួសារ ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។
ក្រសួងបានបញ្ជាក់ថា ៖ “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះ ឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅមុខ ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យបងប្អូនទទួល បានឱកាសការងារថ្មី ជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរ នឹងតំបន់ដែល បងប្អូនរស់នៅ។ ឱកាសការងារចំនួន ២ ៥៤៧ កន្លែង ពីរោងចក្រ និងសហគ្រាស ជាច្រើនកំពុងរង់ចាំបងប្អូន កម្មករនិយោជិត” ។
បន្ថែមពីនេះ ក្រសួងក៏អំពាវនាវផងដែរថា ខណៈពេលដែលបងប្អូនកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ក្រសួងសូមអំពាវនាវដល់បងប្អូន សូមមកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ តាមរយៈសេវាការងាររបស់មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលកំពុងចតនៅមុខក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ស្រាប់ ឬទំនាក់ទំនងមកលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram)។
ជាមួយគ្នានេះ លោកឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានអះអាងថា រោងចក្រសុទ្ធតែជារោងចក្រមកពីប្រទេសសឹង្ហបូរី ចិន និងកោះហុងកុង ជាដើមដែលមានទីតាំងនៅជុំវិញរោងចក្រ Y & W ដែលជាការផ្តល់ភាពងាយ ស្រួលដល់កម្មកររោងចក្រ Y & W ៕