បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយកាលពីថ្ងៃចន្ទថា EU ត្រូវតែពិនិត្យឡើងវិញនូវ យុទ្ធសាស្ត្រយោធារបស់ខ្លួន និងបង្កើនការផលិតផ្នែកការពារឱ្យបានខ្លាំង ដើម្បីជួយអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ ការអំពាវនាវនេះធ្វើឡើងខណៈក្រុងគៀវ បានព្រមានកាន់តែខ្លាំងឡើង អំពីការខ្វះខាតគ្រាប់រំសេវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយសរសេរនៅក្នុង op-ed ដែលត្រូវបានបោះពុម្ពដោយកាសែត La Libre Belgique និងគេហទំព័រ Euractiv លោក Michel បានអះអាងថា ទីក្រុងម៉ូស្គូ “ជាការគំរាមកំហែងផ្នែកយោធា យ៉ាងធ្ងន់ធ្ងរដល់ទ្វីបអឺរ៉ុបរបស់យើង និងសន្តិសុខពិភពលោក” ។
លោកបានបន្ថែមថា “ប្រសិនបើយើងមិនទទួលបាន ការឆ្លើយតបរបស់ EU ត្រឹមត្រូវ ហើយមិនផ្តល់ការគាំទ្រដល់អ៊ុយក្រែន គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីទេនោះ ពួកយើងគឺជាអ្នកបន្ទាប់” ។
ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប រូបនេះបានអះអាងថា “អស់ជាច្រើនទសវត្សរ៍មកហើយ ដែលអឺរ៉ុបបានបរាជ័យក្នុងការ វិនិយោគគ្រប់គ្រាន់ក្នុងសន្តិសុខ និងការពារជាតិរបស់យើង” ហើយឥឡូវនេះត្រូវការជាបន្ទាន់នូវ “ការផ្លាស់ប្តូរជាទូទៅ និងមិនអាចផ្លាស់ប្តូរបានក្នុងការគិត របស់យើងឆ្ពោះទៅរកផ្នត់គំនិត សន្តិសុខជាយុទ្ធសាស្ត្រ” ៕
ប្រែសម្រួលៈ ណៃ តុលា