ព័ត៌មានជាតិ

ជីសរីរាង្គព្រៃស្នួល ប្ដេជ្ញាសហការ ជាមួយសហគមន៍កសិកម្មចំប៉ាសែនជ័យ ដើម្បីកាត់បន្ថយការចំណាយ របស់កសិករ

តាកែវ៖ លោក សយ សុភាព ក្នុងនាមជាស្ថាបនិកមួយរូប នៃសិប្បកម្មផលិត ជីសរីរាង្គព្រៃស្នួល បានបង្ហាញការប្ដេជ្ញាសហការ ជាមួយសហគមន៍កសិកម្មចំប៉ា ក្នុងការផ្គត់ផ្គង់ជីសរីរាង្គ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី ថែមទាំងកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ទាំងលើដំណាំស្រូវ និងបន្លែគ្រប់មុខ។

ការបង្ហាញការប្ដេជ្ញានេះ ធ្វើឡើងក្នុងឱកាស លោក​ សយ សុភាព អញ្ជើញចូលរួមក្នុង មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មចំប៉ាសែនជ័យ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្មខេត្តតាកែវ តំណាងអាជ្ញាធរស្រុកព្រៃកប្បាស និងរដ្ឋបាលឃុំចំប៉ា ព្រមទាំងសមាជិក សមាជិការ និងប្រជាពលរដ្ឋភូមិចំប៉ា ប្រមាណជាង១០០នាក់។

ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំ លោក សយ សុភាព បានសម្ដែងការអបអរសាទរ ចំពោះសមិទ្ធផល ដែលលេចឡើងជាផ្លែផ្កែ របស់សហគមន៍កសិកម្មចំប៉ាសែនជ័យ ដែលដឹកនាំដោយលោក គង់ វ៉ុង ប្រធានសហគមន៍ ព្រមទាំងមានចូលរួម សហការឧបត្ថម្ភ ពីអង្គការនានា ជាពិសេសក្រសួង មន្ទីរ របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗនិងបច្ចុប្បន្ន ផងដែរ។

បន្ថែមលើសពីនេះ លោក សយ សុភាព ក៏បានលើកឡើងអំពី «គុណភាពនិងគុណតម្លៃ នៃជីសរីរាង្គព្រៃស្នួល ឱ្យប្រជាកសិករបានជ្រាបនិងប្ដេជ្ញាសហការជាមួយ សហគមន៍កសិកម្មចំប៉ាសែនជ័យ ដើម្បីធានាបាននូវការដុះដាំ និងបង្កបង្កើនផលមួយ ដោយកាត់បន្ថយការចំណាយទុន និងលែងបារម្ភពីបញ្ហាប៉ះពាល់ដល់សុខភាព» ។

សូមរំលឹកថា ជីសរីរាង្គព្រៃស្នួល គឺជាប្រភេទជីទឹក ផលិតដោយស្នាដៃកូនខ្មែរ អាចប្រើប្រាស់ទៅលើដំណាំបន្លែ ផ្លែឈើគ្រប់មុខ ជាពិសេសលើដំណាំស្រូវ សណ្ដែក ដំឡូង ស្វាយ ។ល។

សិប្បកម្មជីសរីរាង្គព្រៃស្នួល មានទីតាំងផលិត នៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានលោក សយ សុភាព គឺជាស្ថាបនិកម្នាក់ ផងដែរ៕

To Top