ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី កំពុងពិចារណា ធ្វើប្រតិបត្តិការយោធា នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់

AFP

បរទេស៖ លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគី បាននិយាយថា យោធារបស់ប្រទេសតួកគី គ្រោងនឹងធ្វើប្រតិបត្តិការ ដើម្បីសម្រេចបាននូវសន្តិសុខពេញលេញនៅតាមព្រំដែនរបស់ប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមករា តួកគី បានធ្វើការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោក ជាបន្តបន្ទាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងប្រទេសស៊ីរី ដោយបានកំណត់គោលដៅសមាជិក និងកន្លែងរបស់គណបក្សពលករឃឺដ (PKK) ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជា អង្គការភេរវករ។ ការកើនឡើងនេះបន្ទាប់ពីការស្លាប់ របស់ទាហានតួកគី៩នាក់ ក្នុងការប៉ះទង្គិច ជាមួយយុទ្ធជន PKK ។

លោក Erdogan បាននិយាយ ក្នុងអំឡុងសុន្ទរកថាកាលពីថ្ងៃចន្ទថា គោលដៅរបស់រដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ាគឺដើម្បី ធ្វើឱ្យប្រាកដថា តួកគី មានសេរីភាពពី “ស្រមោលងងឹតនៃអំពើភេរវកម្ម” ។

លោកបាននិយាយថា ដើម្បីសម្រេចបាន នូវចំណុចនេះ “យើងនឹងធានាទាំងស្រុង នូវសន្តិសុខនៃព្រំដែនអ៊ីរ៉ាក់ របស់យើងនៅរដូវក្ដៅនេះ ហើយពិតជានឹងបញ្ចប់រឿង មិនទាន់រួចរាល់របស់យើង នៅក្នុងប្រទេសស៊ីរី” ។

មេដឹកនាំតួកគីបាននិយាយថា “កន្លែងណាដែលមានភេរវករ យើងនឹងស្វែងរក និងលុបបំបាត់ពួកនោះ” ដោយបន្ថែមថា ប្រទេសនេះនឹងមិនអនុញ្ញាតឱ្យក្រុមឃាតករជួលទាំងនេះ ដែលឥឡូវនេះកំពុងត្រដរខ្យល់ នៅជ្រុងម្ខាង និងជិតផុតពូជ ដើម្បីរស់ឡើងវិញ និងក្លាយជាបន្ទុក របស់ជាតិយើងម្តងទៀត”នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top