ប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកាន់តែមានភាពធ្ងន់ធ្ងរ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ដែលមានពាក់ព័ន្ធនឹងធនធានទឹក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់។
លោកសាស្ត្រាចារ្យ សុង ឈីងយូន ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានបញ្ជាក់ថា ទឹកជាប្រភពជីវិត ទន្លេឡានឆាង-មេគង្គជាទន្លេឆ្លងប្រទេសដ៏សំខាន់ ក្នុងតំបន់ ចំណែកកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គត្រូបបានបង្កើតឡើងអាស្រ័យលើធនធានទឹក។
ប្រទេសទាំង ៦ ដែលចូលរួមកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ កាន់តែចាប់អារម្មណ៍ ចំពោះតួនាទី និងសារៈសំខាន់ នៃធនធានទឹក ព្រមទាំងសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការធនធានទឹកក្នុងការជំរុញកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការ ធនធានទឹកក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានទទួលសមិទ្ធផលប្រកបដោយផ្លែផ្កា។ តាមផែនការសកម្មភាព រយៈពេល ៥ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ(២០១៨-២០២២)បានឱ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ យើងបានបង្កើតឡើងនូវយន្តការសហប្រតិបត្តិការ ដែលមានភាពល្អប្រសើរ សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ ធនធានទឹកទន្លេឡានឆាង-មេគង្គ ដែលបានជំរុញការចែករំលែកព័ត៌មាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងធនធានទឹករបស់ប្រទេសទាំង ៦។
កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលតំណាងដោយ“ប្រតិបត្តិការទឹកស្អាត ឡានឆាង-មេគង្គ”នោះ បានផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជនក្នុងតំបន់ និងបានជួយឱ្យសាធារណជន កាន់តែច្រើនយល់ដឹង និងចូលរួមដោយផ្ទាល់ ក្នុងគម្រោងបែបនេះ។
យោងតាមផែនការសកម្មភាព រយៈពេល ៥ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ(២០២៣-២០២៧) ប្រទេសពាក់ព័ន្ធទាំង ៦ បានឯកភាពគ្នាលើការកែលម្អ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ធនធានទឹកទន្លេឡានឆាង-មេគង្គ យល់ព្រមបន្តរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងវេទិកាសហប្រតិបត្តិការ ធនធានទឹកទន្លេឡានឆាង-មេគង្គតាមពេលកំណត់ ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ តាមបណ្តោយទន្លេឡានឆាង-មេគង្គ រួមមានការប្រើប្រាស់ប្រកបដោយនិរន្តរភាព នូវធនធានទឹក ព័ត៌មានធនធានទឹក ការទប់ទល់នឹងគ្រោះមហន្តរាយ ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
លោកសាស្ត្រចារ្យ សុង ឈីងយូន បន្តទៀតថា វាមិនត្រឹមតែបានចង្អុលទិសដៅ សម្រាប់ការអភិវឌ្ឍធនធានទឹក និងការធ្វើកិច្ចសហប្រតិបត្តិការ តាមបណ្តោយទន្លេឡានឆាង-មេគង្គក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះទេ ហើយក៏បានកំណត់នូវខ្លឹមសារ វិធានការ និងគម្រោងជាក់ស្តែងមួយចំនួន សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការដែរ ព្រមទាំងនឹងអាចជំរុញឱ្យការអភិវឌ្ឍធនធានទឹក និងកិច្ចសហប្រតិបត្តិការ ឈានដល់កម្រិតកាន់តែខ្ពស់ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ
របស់ប្រជាជន ក្នុងតំបន់តាមបណ្តោយទន្លេឡានឆាង-មេគង្គ ព្រមទាំង នឹងផ្តល់បទពិសោធន៍ដ៏មានតម្លៃ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹក ក្នុងតំបន់ផ្សេងៗទៀត លើពិភពលោកយើង។
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម លី ឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី ៤ នៃកិច្ចសហប្រតិបត្តិការ ទន្លេឡានឆាង-មេគង្គតាមប្រព័ន្ធវីដេអូ។
លោកបានអំពាវនាវ ឱ្យជំរុញកិច្ចសហប្រតិបត្តិការ បៃតង គោរពយ៉ាងពេញលេញ តាមសិទ្ធិស្របច្បាប់ និងត្រឹមត្រូវរបស់ប្រទេសនានាក្នុងការអភិវឌ្ឍ និងប្រើប្រាស់ធនធានទឹក យកចិត្តទុកដាក់ដល់បញ្ហា ដែលចាប់អារម្មណ៍ដោយគូភាគី។
លោកមានប្រសាសន៍ថា ប្រទេសចិន នឹងពិគ្រោះពិភាក្សាជាមួយប្រទេសនានា អំពីការគ្រប់គ្រងធនធានទឹក ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ទម្រង់អភិវឌ្ឍថាមពល និងថែរក្សាអេកូ-បរិស្ថានជាដើម។
លោកសាស្ត្រាចារ្យ សុង ឈីងយូន បានប្រាប់អ្នកកាសែតថា នាពេលខាងមុខ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ អាចបន្តកសាងទំនុកចិត្ត និងដោះស្រាយបញ្ហាច្រឡំគ្នា ដើម្បីបំពេញតម្រូវការត្រឹមត្រូវទៅវិញទៅមក ដែលទាក់ទិនទៅនឹងការប្រើប្រាស់ធនធានទឹក បង្កើនការសម្របសម្រួលគោលនយោបាយ និងលើកកម្ពស់សមត្ថភាព របស់ប្រទេសពាក់ព័ន្ធ។ ទាំងនេះនឹងអាចជំរុញការប្រើប្រាស់ ធនធានទឹកទន្លេឡានឆាង-មេគង្គឱ្យមានភាពយុត្តិធម៌ និងប្រកបដោយនិរន្តរភាព។
ចាប់ពីឆ្នាំ ២០២០ មក ប្រទេសចិនក៏ចាប់ផ្តើមចែករំលែកព័ត៌មានជលសាស្ត្រទឹកទន្លេឡានឆាង ជាមួយប្រទេសទន្លេមេគង្គ រួមគ្នាកសាងវេទិកា ចែករំលែកព័ត៌មានអំពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ។
លោកសាស្ត្រាចារ្យ សុង ឈីងយូន យល់ឃើញថា វិធានការទាំងនេះនឹងអាចជំរុញ ឱ្យកិច្ចសហប្រតិបត្តិការធនធានទឹកឈានចូលដំណាក់កាលថ្មីមួយទៀត ដែលនឹងអាចជួយប្រទេសពាក់ព័ន្ធដោះស្រាយ បញ្ហាប្រឈមផ្សេងៗដែលបណ្តាលដោយការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយរាំងស្ងួតនិងទឹកជំនន់ ហើយនឹងជួយឱ្យប្រទេសទន្លេឡានឆាង-មេគង្គប្រើប្រាស់ធនធានទឹកទន្លេឡានឆាង-មេគង្គឱ្យកាន់តែល្អប្រសើរ ហើយនឹងអាចកសាងទំនុកចិត្តសម្រាប់ប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គដែរ។
សម្លឹងមើលទៅអនាគត លោកសាស្ត្រាចារ្យមានសុទិដ្ឋិនិយមចំពោះការធ្វើកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ។ លោកយល់ឃើញថា កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គបានវិវត្តពីដំណាក់កាលអភិវឌ្ឍន៍ ដែលមានភាពរហ័សចូលទៅក្នុងដំណាក់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។
កិច្ចសហប្រតិបត្តិការរវាងភាគីនានា មិនគ្រាន់តែនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតធនធានទឹកប៉ុណ្ណោះទេ ថែមទាំងនឹងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែលមិនមានលក្ខណៈប្រពៃណី ការអភិវឌ្ឍដោយបៃតង និងនវានុវត្តភាពបច្ចេកវិទ្យាជាដើម។
ជាមួយនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ៦ កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គនឹងអាចក្លាយជា“គំរូមាស”នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់៕