ព័ត៌មានជាតិ

អនុប្រធានាធិបតីវៀតណាម គឺលោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជា ប្រធានាធិបតីស្តីទីជាលើកទី២

VN EXPRESS

បរទេស៖ លោកស្រី Vo Thi Anh Xuan អនុប្រធានាធិបតី ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី របស់វៀតណាមដោយការិយាល័យ នយោបាយរបស់បក្សកុម្មុយនិស្ត នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក Vo Van Thuong លាលែងពីតួនាទី។ លោកស្រី Xuan នឹងកាន់តំណែងនេះរហូតដល់រដ្ឋសភា អាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នេះជាលើកទីពីរហើយក្នុងអាណត្តិ ២០២១-២០២៦ ដែលលោកស្រី Xuan ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។ កាលពីខែមករាឆ្នាំមុន លោកស្រី Vo Thi Anh Xuan ក៏បានកាន់តំណែងម្តងនេះ ជាងមួយខែបន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីតួនាទី។

លោកស្រី Vo Thi Anh Xuan អាយុ ៥៤ ឆ្នាំមកពីខេត្ត An Giang ភាគខាងត្បូង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ។ លោកស្រីបានក្លាយជាអនុប្រធានាធិបតី របស់ប្រទេសវៀតណាម ដែលក្មេងជាងគេដែលត្រូវបាន បោះឆ្នោតដោយរដ្ឋសភាក្នុងខែមេសា ឆ្នាំ២០២១ នៅអាយុ ៥១ឆ្នាំ។

ក្នុងអំឡុងពេលបីឆ្នាំនៅក្នុងតំណែងនេះ លោកស្រី Vo Thi Anh Xuan បានធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ដូចជាប៊ុលហ្គារី ក្រិក និងកាហ្សាក់ស្ថាន ក៏ដូចជាការចូលរួមព្រឹត្តិការណ៍នានា ដូចជាកិច្ចប្រជុំកំពូលស្ត្រីសកលនៅឆ្នាំ២០២១ និង ២០២៣ ។

ក្នុងឋានៈជាប្រធានាធិបតីស្តីទី ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រីបានតែងតាំងឯកអគ្គរដ្ឋទូតថ្មី របស់វៀតណាមចំនួន ១៣រូបប្រចាំនៅបរទេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top