បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែនបានវាយប្រហារចំគោលដៅ អ៊ីស្រាអែលដោយមីស៊ីល ជាលើកទីមួយហើយដែល ដំបូងទៅលើរដ្ឋជ្វីហ្វដែលការវាយប្រហារនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើង បន្ទាប់ពីការខិតខំម្តងហើយម្តងទៀត របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីកម្ទេចទីតាំងបាញ់បង្ហោះរបស់ Houthi។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានតាមដាន គោលដៅអាកាសគួរឱ្យសង្ស័យ ដែលបានបើកការវាយប្រហារ ចូលដែនអាកាសអ៊ីស្រាអែល ហើយបានវាយប្រហារតំបន់ បើកចំហនៅជិតទីក្រុងកំពង់ផែ Eilat សមុទ្រក្រហម។
បន្ទាប់មក IDF បានបញ្ជាក់ថា គោលដៅដែលចោទសួរនោះ គឺជាមីស៊ីលប្រភេទ Cruise missile ប៉ុន្តែទោះបីជាយ៉ាងណាក្តី មិនមានរបាយការណ៍នៃអ្នកស្លាប់ ឬការខូចខាតណាមួយកើតឡើងនោះទេ ក្រោយមក ពួកHouthiបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះភ្លាមៗផងដែរ។
គួរឲ្យដឹងដែរថាក្រុម Houthi បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀត លើអ៊ីស្រាអែលចាប់តាំងពីខែតុលា រហូតមកដល់ថ្ងៃចន្ទនេះ មីស៊ីល និងយន្តហោះទាំងអស់របស់ក្រុមនេះ ត្រូវបានស្ទាក់ចាប់បាននៅតាមផ្លូវ ទៅកាន់គោលដៅរបស់ពួកគេ ដោយ IDF កងទ័ពជើងទឹកអាមេរិក ឬអង់គ្លេស ឬកងកម្លាំងនៃប្រទេសជិតខាង ដូចជាហ្ស៊កដានីជាដើម៕
ប្រែសម្រួល៖ ស៊ុន លី