បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការបោះឆ្នោតប្រធានាធិបតី នៅក្នុងប្រទេសរុស្ស៊ី បានបង្ហាញថា ប្រទេសនេះ នៅតែជាគ្រួសារធំមួយដោយ លោកក៏បានថ្លែងអំណរគុណ ចំពោះអ្នកបោះឆ្នោត សម្រាប់ការគាំទ្រ ដែលមិនធ្លាប់មានពីមុនមក ហើយបានប្តេជ្ញាថានឹងបំពេញ តាមការរំពឹងទុករបស់ពួកគេ។
នៅព្រឹកថ្ងៃដដែល គណៈកម្មាធិការរៀបចំការបោះឆ្នោត មជ្ឈិមនៃប្រទេសរុស្ស៊ី (CEC) បានប្រកាសជាផ្លូវការថា ប្រធានាធិបតីជាប់ឆ្នោត លោក Putin ដោយប្រកាសថា លោកបានទទួលសំឡេងគាំទ្រជាង ៨៧ភាគរយ។ ការបោះឆ្នោតកាលពីចុងសប្តាហ៍មុនបានកត់ត្រាចំនួន អ្នកទៅបោះឆ្នោតខ្ពស់បំផុតដែលលើសពី ៧៧ភាគរយហើយ លោក Putin គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី ៧ ខែឧសភា សម្រាប់ការ កាន់តំណែងរយៈពេល ៦ ឆ្នាំទៀត ។
នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិ លោក Putin បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃការប្រណាំងប្រធានាធិបតី ក្នុងការគូសផែនទី ផ្លូវរបស់ប្រទេស សម្រាប់អនាគត ដោយសារប្រទេសនេះនៅតែជាប់គាំង នៅក្នុងជម្លោះអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិច។
លោកក៏បានថ្លែងអរគុណ ទៅកាន់ប្រជាជនរុស្ស៊ីទាំងអស់ ដែលបានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត មិនថា បេក្ខជនណាដែលពួកគេបោះឆ្នោត ឲ្យនោះទេ ។ លោកបានបន្ថែមថា ការបោះឆ្នោតបានបង្ហាញថាប្រទេសរុស្ស៊ី គឺជាគ្រួសារដ៏ធំមួយដែលមានចំណងដៃយ៉ាងស្អិតរមួត ដើរតាមផ្លូវប្រវត្តិសាស្ត្រ ដែលបានជ្រើសរើស ហើយទន្ទឹងរង់ចាំទៅថ្ងៃអនាគត ទាំងនោះជាមួយគ្នា ៕
ប្រែសម្រួល៖ស៊ុនលី