ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំកម្ពុជា បានបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ។
ក្នុងឱកាសនៃជំនួបនេះ លោក Kyaw Soe Min បានអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។ បន្ថែមលើនេះ ឯកអគ្គរដ្ឋទូត បានគោរពរំឭកជូនសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយឯកឧត្តម ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដែលមានជាយូរអង្វែងមកហើយ។
សម្តេចធិបតី បានបញ្ជាក់ជូនលោក ឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តអនុវត្តគោលនយោបាយដូចរាជរដ្ឋាភិបាលនីតិកាលមុនៗ ដោយបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-មីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។
សម្តេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីអំពីការបន្តភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពល រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕