ភ្នំពេញ៖ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនៃរោងចក្រ Y & W ដែលបានសម្រាលបុត្រនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុន។
លោកស្រី អៀម សុគន្ធារី អនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប.)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថានេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងចំពោះកម្មករនិយោជិតដែលកំពុងឆ្លងទន្លេរ។
ទន្ទឹមនឹងនេះ អ្នកស្រីសាន សុផល ជាកម្មករនៃក្រុមហ៊ុន Y & W ដែលទើបឆ្លងទន្លេរបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ក្រសួងការងារដែលយកថវិកាមកដល់មន្ទីរពេទ្យផ្ទាល់។ សម្រាប់អ្នកស្រី កាយវិការនេះ បានធ្វើឱ្យអ្នកស្រីមានក្តីរំភើប។
សូមបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន Y & Wដែលជាយន្តការទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕