ភ្នំពេញ៖ ក្រុមមន្រ្តី មកពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ អគ្គនាយកដ្ឋានការងារ និងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការ ដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ។
កិច្ចប្រជុំនោះ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ទីប្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ លោកឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកនាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួន។
បន្ទាប់មក លោកអគ្គនាយក រួមជាមួយសមាសភាព ក្នុងកិច្ចប្រជុំអញ្ជើញចុះពិនិត្យបញ្ជរប្រថាប់ត្រាលិខិតឆ្លងដែន ប័ណ្ណព្រំដែនចេញ-ចូល ទីតាំងដែលត្រូវសង់រោងត្រៀមទទួល និងចែកវត្ថុអនុស្សាវរីយ៍ នំប៉័ង ទឹកសុទ្ធជូនពលករ ក្នុងបរិវេណច្រកទ្វារ ទីតាំងសម្រាប់ពលករគ្មាន ឯកសារធ្វើដំណើរ នៅស្ថានីយរថភ្លើងប៉ោយប៉ែត និងពិសាអាហារសាមគ្គីថ្ងៃត្រង់ រួមគ្នាប្រកបដោយភាពស្និទ្ធិស្នាល រីករាយរាក់ទាក់ជាទីបំផុត ៕