ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ ទិសដៅសំខាន់ក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តក្រចេះ គឺមានបេសកកម្មរួម អនុវត្តឱ្យជោគជ័យ កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ទិសដៅសំខាន់របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយ ដោយត្រូវអនុវត្តឱ្យបានជោគជ័យ នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។

ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់ សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវោធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតប នឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

សូមរំលឹកថា កិច្ចប្រជុំបូកសរុបលទ្ធផលនេះ មានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំមកពីឃុំសង្កាត់ទាំង ៤៨ នៃខេត្តក្រចេះ សរុបចំនួនប្រមាណជាង ៤០០ រូប ។

បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលទាំង ៧ ក្រុង ស្រុក រួចមក លោក វ៉ា ថន អភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានប្រឹងប្រែងរួមសហការសាមគ្គី ក្នុងការបំពេញកិច្ចការងារ កន្លងមកបានយ៉ាងល្អ។ លោក អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ក៏បានលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមការងារ រាជរដ្ឋាភុបាល ហើយបានធ្វើការដាក់ចុះទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបំរើប្រជាពលរដ្ឋ នៅគ្រប់តំបន់មូលដ្ឋាន ក្នុងខេត្តបានកាន់តែល្អប្រសើរបន្ថែមទៀត ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលខេត្តក្រចេះ បានគួសបញ្ជាក់ អំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ ៥ ដែលបានដាក់ចុះ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុវត្តភ្លាមៗនៅឆ្នាំ២០២៣ បន្ទាប់ពីដំណើរការរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីឆ្លើយតបជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាម លោកផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អស់លោក ដែលជាថ្នាក់ដឹកនាំ នៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នា បានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាន នូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត ។

លោកប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់ នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំ វេទិកាសាធារណៈ នៅតាមឃុំស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយ នូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នា ក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន៕

To Top