ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគរវាង កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជំរុញវិនិយោគ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យបានកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត។

នាឱកាសអនុញ្ញាតឱ្យ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលលើដំណើរ ទស្សនកិច្ចសិក្សាដកស្រង់ បទពិសោធន៍ស្តីពីការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យឌីជីថល ដើម្បីជំរុញវិនិយោគរបស់ប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗកន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបភាគីមិត្តអំពីគម្រោងវិនិយោគធំៗ ដែលបាននិងកំពុងអនុវត្ត និងសម្រាប់អនុវត្ត នាពេលអនាគត រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោ កំពង់ផែ និងភស្ដុភារកម្មជាដើម ដែលគម្រោងទាំងនេះ វិនិយោគគិនឥណ្ឌូនេស៊ី អាចពិនិត្យធ្វើការ វិនិយោគបាន ។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ នូវកិច្ចសហការល្អកន្លងមក រវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ រវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរ មួយកម្រិតថែមទៀត។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានយល់ស្របលើការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការជំរុញវិនិយោគ រវាងប្រទេសទាំងពីរ ដោយចាប់ផ្តើមពិភាក្សាធ្វើអនុស្សរណៈ នៃការយោគយល់ស្តីពីការជំរុញ វិនិយោគរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមក្នុងពិព័រណ៍ផ្នែកសុខាភិបាល នៅក្រុងព្រះសីហនុ និងវេទិកាធុរកិច្ចនានា ដែលគ្រោងរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជានាពេលខាងមុខ ដើម្បីបង្ហាញសក្ដានុពល ឱកាសវិនិយោគនៅកម្ពុជា និងឥណ្ឌូនេស៊ី។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ឆ្លងតាមកិច្ចសហប្រតិបត្តិការល្អរវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ពិសេសលើវិស័យវិនិយោគ រវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង ពង្រីកបានរីកចម្រើនបន្ថែមទៀត ៕

To Top