ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម និងដោយបានការអនុញ្ញាតពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ មីនា លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាល វៀតណាម ក្នុងគោលបំណង ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការ លើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ។
ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការ សហប្រតិបត្តិការត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាល វៀតណាម ដែលបានអនុវត្ត៣លើក រួចមកហើយ៕