ភ្នំពេញ៖កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូរពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ។
លោកស្រី ទី សុភ័ណ្ឌ ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបានខិតខំបំពេញការងាររហូតដល់កម្មករអាចមកបើកប្រាក់ឈ្នួលបាននៅថ្ងៃនេះ។ ដំបូងឡើយខ្ញុំមិនរំពឹងថាទទួលបានសំណងនេះទេ ពីព្រោះរោងចក្រត្រូវបានឆេះទាំងស្រុង ហើយទទួលរងការខូចខាតធ្ងន់ធ្ងររួចស្រេចទៅហើយ»។
លោកស្រីបន្តថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ទាំងអស់នៅថ្ងៃនេះគឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករនិយោជិតទាំងអស់គ្នា ជាពិសេសកម្មករទាំងអស់ទទួលបានប្រាក់ឈ្នួលលឿនជាងពេលកំណត់។
កញ្ញា លី លីម៉េង ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា៖«ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណដល់ សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មីដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។
អ្នកស្រី ប៉ិច ពីន ដែលជាកម្មករនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ មកពីខេត្តពោធិ៍សាត់ លើកឡើងដែរថា៖«ខ្ញុំសប្បាយចិត្តណាស់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនខ្ញុំ ក៏ដូចជាកម្មករនៅថ្ងៃនេះ។ ខ្ញុំអរគុណទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំដោះស្រាយជូនកម្មករទាំងអស់នៅពេលនេះ»។
ទន្ទឹមនឹងនេះ កម្មករនៃរោងចក្រ ទាំងអស់បានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។
គួរកត់សម្គាល់ថានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោង អ.ជី ហ្វ៊ូតវែរ ភាគច្រើនលើសលប់បាននិងកំពុងមកទទួលប្រាក់អត្ថប្រយោជន៍ទាំងបីចំណុចរបស់រាជរដ្ឋាភិបាល៕