បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំង គាំទ្រដែនអាកាសជិតៗរបស់អ៊ុយក្រែន Su-25 ចំនួនបីគ្រឿង។
ប្រភពដដែលបានសរសេរទៀតថា យន្តហោះយោធាទាំងនោះគឺ បានឈរជើងនៅអាកាសយានដ្ឋាន Voznesensk ក្នុងតំបន់ Nikolaev ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃប្រទេស។
ទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ ប្រើយន្តហោះយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល និងកាំភ្លើងធំរបស់កងទ័ព របស់រុស្សីក្រុមណានោះទេ។
ក្រៅពីនោះក៏មានរបាយការណ៍ ស្តីអំពីការបំផ្លិចបំផ្លាញនៃប្រព័ន្ធរ៉ាដាមួយ យានបញ្ជាប្រយុទ្ធមួយ គ្រឿងបាញ់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-300 ចំនួនបី និងឃ្លាំងគ្រាប់រំសេវចំនួនពីរផងដែរហើយ លើសពីនេះ វាបានធ្វើឱ្យខូចខាតដល់កន្លែង ផ្ទុកសម្រាប់យានគ្មានមនុស្សបើក។ យោងតាមរបាយការណ៍សង្ខេបបានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងឧបករណ៍យោធារបស់ខ្លួន ត្រូវបានកំណត់គោលដៅ នៅក្នុងតំបន់សរុបចំនួនដល់ទៅ ១២៦កន្លែង។
គួរឲ្យដឹងដែរថា ក្រសួងការពារជាតិបានអះអាងថា ជាសរុប រុស្ស៊ីបានបាញ់ទម្លាក់ យន្តហោះចម្បាំងអ៊ុយក្រែន ៥៨០គ្រឿង ឧទ្ធម្ភាគចក្រ២៧០គ្រឿង និងយន្តហោះគ្មានមនុស្សបើក ១៧៩៥១គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រែសម្រួល៖ ស៊ុន លី