តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការទម្លាក់គ្រាប់បែក ដ៏សាហាវរបស់អ៊ីស្រាអែល លើតង់ក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤នាក់ និងរបួស ១៧នាក់ផ្សេងទៀត។
លោក Kanaani បានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការឈ្លានពានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា កំពុងបន្តនៅចំពោះមុខប្រជាជនពិភពលោក ដោយកត់សម្គាល់ថា ការទម្លាក់គ្រាប់បែកនេះគឺជា “ឧក្រិដ្ឋកម្មថ្មីបំផុតរបស់អ៊ីស្រាអែល ដែលបានមើលងាយច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិទាំងអស់”។
សាក្សី និងប្រភពប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថា យន្តហោះដ្រូនបានបាញ់កាំជ្រួចមួយគ្រាប់ ទៅលើតង់លំនៅដ្ឋានជនភៀសខ្លួន និងអ្នកកាសែតនៅទីធ្លាមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir al-Balah ។
កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅលើគណនី X ផ្លូវការរបស់ខ្លួនថា យន្តហោះ IAF (កងទ័ពអាកាសអ៊ីស្រាអែល) បានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការ ជីហាតអ៊ិស្លាម ដែលមានទីតាំងនៅទីធ្លានៃមន្ទីរពេទ្យ Al-Aqsa ដោយបន្ថែមថាអគារមន្ទីរពេទ្យ មិនត្រូវបានខូចខាតទេ ហើយមុខងាររបស់មន្ទីរពេទ្យ គឺមិនប៉ះពាល់នោះឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា