ព័ត៌មានជាតិ

លោក ប្រាក់ សំអឿន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ដល់រដ្ឋបាលខេត្តកំពង់ចាម ស្តីពី « ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ »

កំពង់ចាម ៖ នារសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ដល់រដ្ឋបាលខេត្តកំពង់ចាម ស្តីពី « ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ » កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលជាអធិមតី ពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងឆ្នាំ២០២៣ និងដើមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យខេត្តកំពង់ចាម សម្រេចបានសមិទ្ធផល នានាជាច្រើននៅរយៈពេលកន្លងមកនេះ។

ជាមួយគ្នានោះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន មានប្រសាសន៍ នូវខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ មានដូចខាងក្រោមនេះ ៖ 

ទី១ ៖ ផ្តោតលើការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រសិទ្ធភាពការបំពេញការងារ ការធ្វើទំពើបកម្មប្រព័ន្ធគ្រប់គ្រង និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដៃគូអភីវឌ្ឍន៍ វិស័យឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។

ទី២ ៖ ផ្តោតលើការបន្តការពារឱ្យបានដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការការ៣រក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ដែលជាបុរេលក្ខណមិនអាចខ្វះបាន សម្រាប់ការលើកកម្ពស់សិទ្ឋិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិៗ។

ទី៣ ៖ ផ្តោតលើការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។

ទី៤ ៖ ផ្តោតលើរ ការពង្រឹងការកែទម្រង់ស្តាប័ន និងការអភិវឌ្ឍនធបានមនុស្ស ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព កណាពយ្យភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំក្នុងការបំពេញការងារ។

ទី៥ ៖ ផ្ដោតលើការពង្រឹង និងការកែលម្អយន្តការ និតិវិធី និងស្តង់ដារនៃការផ្តល់សេវា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឲ្យមានភាពសាមញ្ញ ក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តុ និងតម្លាភាព។

ទី៦ ៖ ផ្តោតលើ ការធ្វើបដិវត្តកម្មឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ៕

To Top