ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ព្រមានថា ឆ្នាំ២០២៥ អ៊ុយក្រែនអាច​នឹង​ក្ស័យធន

RT News

បរទេស៖ មន្ត្រីធនាគារពិភពលោកបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនអាចនឹងក្ស័យធននៅដើមឆ្នាំក្រោយ លុះត្រាតែបណ្តាប្រទេសលោកខាងលិចយល់ព្រមកាត់ចេញ ឬរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ប៉ុន្តែការគាំទ្រពីបរទេសបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលកញ្ចប់ជំនួយចំនួន ៦០ ពាន់លានដុល្លារអាមេរិកនៅតែជាប់គាំងនៅក្នុងសភាអាមេរិកនៅឡើយ។

មន្ត្រីរូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបានធ្វើអត្ថាធិប្បាយលើការផ្តល់មូលនិធិចុងក្រោយបំផុតចំនួន ១,៥ ពាន់លានដុល្លារ ដែលទីក្រុងគៀវ បានទទួលកាលពីសប្តាហ៍មុន ក្រោមកម្មវិធីរបស់ធនាគារពិភពលោក។ យោងតាមប្រភពបានឱ្យដឹងថា ផ្នែករបស់ធនាគារពិភពលោកតំណាងឱ្យប្រទេសរុស្ស៊ីបានបោះឆ្នោតប្រឆាំងនឹងប្រាក់កម្ចីដោយលើកឡើងពីធម្មនុញ្ញរបស់អង្គការនេះ។

សេចក្តីព្រាងឯកសារស្តីពីការបែងចែកមូលនិធិ “បើកចំហ” ចង្អុលទៅស្ថានភាព “មហន្តរាយ” នៃហិរញ្ញវត្ថុសាធារណៈរបស់អ៊ុយក្រែន ដោយសារការធ្លាក់ចុះសេដ្ឋកិច្ច និងការកាត់បន្ថយជំនួយបរទេស។

លោកបានព្រមានថា ប្រសិនបើនៅឆ្នាំ ២០២៥ ម្ចាស់បំណុលលោកខាងលិចមិនព្រមកាត់បំណុលរបស់ទីក្រុងគៀវ រួមទាំងបំណុលរបស់ក្រុមហ៊ុនឯកជន និងធនាគារទេនោះ ប្រទេសនេះអាចប្រឈមនឹងការក្ស័យធន៕

ប្រែសម្រួលៈ ណៃ តុលា

To Top