ព័ត៌មានជាតិ

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​ផ្លោងមួយគ្រាប់ ធ្លាក់​នៅ​ខាង​ក្រៅ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់​ជប៉ុន

kyodo

សេអ៊ូល៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចផ្លោងឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃអង្គារនេះ ដោយគ្រាប់មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

យោងតាមក្រសួងបានឱ្យដឹងថា មីស៊ីលនេះត្រូវបានបាញ់ក្នុងទិសដៅភាគឦសានពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង នៅម៉ោង ៦ និង៥២នាទីព្រឹក ដោយហោះបានចម្ងាយជាង ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាប្រហែល ១០០ គីឡូម៉ែត្រ និងមិន​មាន​របាយការណ៍​ពី​ការ​ខូច​ខាត​យន្តហោះ ឬ​កប៉ាល់​នោះ​ទេ។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់អ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រជប៉ុន។ ខ្លួនបាន​រក​ឃើញ​មីស៊ីល ដែល​បាញ់​ចេញ​ពី​ជិត​ក្រុង​ព្យុងយ៉ាង​នៅ​ម៉ោង ៦ និង៥៣នាទី ព្រឹក។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានតវ៉ាចំពោះកូរ៉េខាងជើង ដោយបន្ថែមថា ការបាញ់មីស៊ីលផ្លោងដោយប្រទេសនេះ គឺជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យនាយករដ្ឋមន្ត្រីថា “នេះគឺជាបញ្ហាដែលព្រួយបារម្ភមិនត្រឹមតែសន្តិសុខរបស់ប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុវត្ថិភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ។ វាពិតជាមិនអាចទទួលយកបាននោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top