ព័ត៌មានអន្តរជាតិ

ការវាយប្រហាររបស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់ អាចបង្កើនភាពតានតឹងក្នុងតំបន់

xinhua

ដាម៉ាស៖ អ៊ីស្រាអែល នៅរសៀលថ្ងៃចន្ទម្សិលមិញនេះ បានបើកការវាយប្រហារដោយមីស៊ីល ទៅលើអគារស្ថានកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ដោយបានសម្លាប់មន្ត្រីយ៉ាងហោចណាស់ ៧នាក់។

បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី លោក Hossein Akbari បានប្តេជ្ញាថា អ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដោយកម្លាំងស្មើគ្នា។

លោកបានលើកឡើងថា យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ៦គ្រាប់ចេញពីតំបន់ Golan Heights ដែលកាន់កាប់នៅក្នុង “ឧក្រិដ្ឋកម្ម” គោលដៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងលោក Nasser Kanaani ត្រូវបានដកស្រង់សម្តីដោយឲ្យដឹងថា អ៊ីរ៉ង់ ខណៈពេលដែលរក្សាសិទ្ធិក្នុងការចាត់វិធានការតបត នឹងពិចារណាលើការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារ និងកំណត់ការដាក់ទណ្ឌកម្មសមរម្យសម្រាប់ “អ្នកឈ្លានពាន” ។

អ្នកជំនាញបានព្រមានថា ការវាយប្រហារអាចនឹងធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Osama Danura អ្នកជំនាញខាងនយោបាយស៊ីរី បានពណ៌នាការវាយប្រហារថាជាការកើនឡើង ដែលមិនធ្លាប់មានពីមុនមកនៃការឈ្លានពានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ ដែលកើតឡើងនៅពេលដែលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានធ្វើឱ្យមានវិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីបរួចហើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top