ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ណែនាំសិក្ខាកាម ក្នុងសិក្ខាសាលា តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់ទុកការងារព័ត៌មាន និងសាធារណមតិ ជាការងារស្នូល

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការណែនាំ ដល់សិក្ខាកាម ដែលជាមន្ត្រី នៃរដ្ឋបាលរាជធានី-ខេត្ត និងប្រធានមន្ទីរព័ត៌មាន ទាំង២៥ ដែលមកចូលរួម សិក្ខាសាលា “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត” ត្រូវទុកការងារព័ត៌មាន និងសាធារណមតិ ជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ​ ក្នុងទម្រង់ជវភាពតអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា និងសំឡេងតែមួយ ដើម្បីសម្រេចគោលដៅរួមគ្នា ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យ នៃក្រសួងព័ត៌មាន ស្តីពី សិក្ខាសាលា “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត” បានឲ្យដឹងថា ក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ​ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានមានប្រសាសន៍ ដោយផ្តោតលើទំនាក់ទំនង​ រវាងសាធារណមតិ និងការតាមដានព័ត៌មានទូទៅ ក៏ដូចជាផ្សព្វផ្សាយមមិទ្ធផលការងារ ដែលទាមទារឲ្យបន្តអនុវត្ត តាមរបៀបភ្លៀងរលឹម និងប្រកាន់ខ្ជាប់ជានិច្ច នូវអភិក្រម “បុរេសកម្ម” ឲ្យបានច្រើនជាង “ប្រតិកម្ម”។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានរំលេចផងដែរ នូវសារៈសំខាន់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់​មន្ត្រីព័ត៌មាន និងសាធារណមតិ ដើម្បីបន្តបម្រើប្រយោជន៍ សាធារណៈ និងរក្សាបាននូវទំនុកចិត្ត របស់ប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដោយសង្គត់ធ្ងន់ លើសារៈសំខាន់ នៃការគ្រប់គ្រងព័ត៌មាន និងភាពចាំបាច់ ក្នុងការបង្កើតឲ្យមានយន្តការអចិន្ត្រៃយ៍ សម្រាប់ការងារព័ត៌មាន និងសាធារណៈមតិ ដោយអនុវត្តវិធីសាស្ត្រ បញ្ជ្រៀប បន្សាប និងត្រូវចាត់ទុកការងារព័ត៌មាន និងសាធារណមតិជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ​ ក្នុងទម្រង់ជវភាពតអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា និងសំឡេងតែមួយ ដើម្បីសម្រេចគោលដៅរួមគ្នា។

សិក្ខាលាបានផ្តល់ឱកាស ដល់គណៈអភិបារាជធានី-ខេត្ត ប្រធានមន្ទីរព័ត៌មាន ជាពិសេសក្រុមការងារព័ត៌មាន និងសាធារណមតិ ទាង២៥រាជធានី-ខេត្ត និងសិក្ខាកាមទាំងអស់ ឲ្យទទួលបានការតម្រង់ទិស ជាមួយនឹងការអត្ថាធិប្បាយ ប្រកបដោយខ្លឹមសារស៊ីជម្រៅ ស្តីពីការអនុវត្តការងារ តាមរយៈបទបង្ហាញដ៏ក្បោះក្បាយរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានផ្តោតលើចំណុចស្នូលមួយចំនួន រួមមាន៖ សារៈសំខាន់ នៃការគ្រប់គ្រងព័ត៌មាន និងសាធារណមិត ការតាមដាន វិភាគ និងវាយតម្លៃព័ត៌មាន ដើម្បីឆ្លើយតបតាមអភិក្រមបុរេសកម្ម ការរៀបចំបញ្ជីប្រធានបទវិជ្ជមាន សម្រាប់ជំរុញការផ្សព្វផ្សាយ និងវិធីសាស្ត្រក្នុងការបំពេញការងារ រាប់បញ្ចូលទាំងការងារនាំពាក្យ ការនិពន្ធ ការផលិត និងការផ្សព្វផ្សាយព័ត៌មាន ។

សូមរំលឹកថា ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ​ បានរៀបចំសិក្ខាសាលា តម្រង់ទិសលើផការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា ទេស​រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និងលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។​ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ប្រធានមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពី២៥ រាជធានី-ខេត្ត សរុបចំនួន ប្រមាណជា២៧០នាក់៕

To Top