ព័ត៌មានជាតិ

សម្តេចធិបតីថា អប់រំ មាន៣ នៅផ្ទះ នៅសាលា ​និងក្នុងសង្គម ខណៈឪពុកម្តាយ និងគ្រូបង្រៀន គឺជាតួអង្គក្នុងការអប់រំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការអប់រំ មាន៣សំខាន់ គឺការអប់ នៅក្នុងសាលារៀនដោយលោកគ្រូអ្នកគ្រូ ការអប់រំនៅផ្ទះដោយឪពុកម្តាយ ឬអាណាព្យាបាល និងការអប់រំក្នុងសង្គម ដែលការអប់រំទាំង៣នេះ ទាមទារខ្លាំងនូវការចូលរួ​ម និងប្រទាក់ក្រឡាគ្នា ពីតួអង្គសំខាន់ គឺឪពុកម្តាយ ឬអាណាព្យាបាល និងគ្រូបង្រៀន ។

ក្នុងឱកាសអញ្ជើញបិទសន្និបាត​ បូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ “ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា “ខ្ញុំឃើញ បញ្ហាធំបំផុត ជាពិសេសសាលានៅក្រុង គឺការផ្តាច់គ្នា រវាងឪពុកម្តាយ និងសិស្ស”។

ក្នុងនោះសម្តេចក៏បានរំលឹក កាលពីជំនាន់មុន បើទោះបីជាសិស្សានុសិស្ស ទៅប្រាប់ឪពុកម្តាយ ថាខ្លួនត្រូវបានធ្វើបាប ដោយការវាយនឹងរំពាត់ ក្នុងអំឡុងពេលសិក្សា គឺមិនមានឪពុកម្តាយ ឬអាណាព្យាបាលណាមួយ ជឿសម្តីកូនៗទាំងស្រុងនោះដែរ ដោយសារតែ លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ ឬអាណាព្យាបាល បានផ្សារភ្ជាប់ទំនាក់ទំនងគ្នាល្អ យល់ពីគ្នាទៅវិញទៅមក ហើយបានជួយអប់រំកូនៗ សិស្សានុសិស្ស រៀងៗខ្លួនបានល្អប្រសើរ ។

ក្នុងនោះសម្តេចធិបតី បានលើកឡើងថា ឪពុកម្តាយ ឬអាណាព្យាបាលសិស្ស និងគ្រូបង្រៀន គឺជាតួអង្គក្នុងការអប់រំ ដល់កូនៗសិស្សានុសិស្ស ។

សម្តេចធិបតី បញ្ជាក់ថា “អប់រំនៅសាលា និងអប់រំនៅផ្ទះ គឺជាកត្តាខ្លាំងណាស់ ដើម្បីជួយលុបបំបាត់ ឥទ្ធិពលពីសង្គមខាងក្រៅ ។ អប់រំ មានតែ៣ទេ នៅផ្ទះ ទៅសាលា ​និងក្នុងសង្គម ។ បើសាលា ហើយនិងផ្ទះឯកភាពគ្នា ពង្រឹងហើយ ឥទ្ធិពលសង្គមយ៉ាងមិច ក៏នេះដែរ ព្រោះនៅសង្គមគឺមានរឿងច្រើនណាស់ ដែលយុវជន ជាពិសេសក្មេងៗ ត្រូវចាប់ តើមួយណា ល្អ មួយណាអាក្រក់” ។

សម្តេច​បានគូសបញ្ជាក់បន្ថែមថា “យើងអភិរក្សពេក អត់ទៅមុខ តែយើងអភិវឌ្ឍ អត់មានក្របខណ្ឌច្បាស់លាស់ វាអាណាធិបតេយ្យ ចឹងការអភិវឌ្ឍត្រូវមានតម្លៃមួយកំណត់ ។ ចឹងការអប់រំរបស់ឪពុកម្តាយ ហើយនិងគ្រូនេះហើយ គឺជាកត្តាកំណត់តម្លៃក្នុងខ្លួនរបស់មនុស្ស” ។

ក្នុងនោះសម្តេចធិបតី ក៏បានជំរុញធ្វើយ៉ាងណា ឲ្យមានការគាំទ្រ និងប្រទាក់ក្រឡា ​រវាងឪពុកម្តាយ ក្នុងសហគម​ន៍ ជាមួយនឹងសាលារៀន នឹងឈានទៅដល់ការជោគជ័យនៃការអប់រំ៕

To Top