ព័ត៌មានជាតិ

ក្រសួងអប់រំណែនាំពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីណែនាំស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដូចជា៖

១- បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

២- ណែនាំដល់ លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួល ឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

៣- ហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយ ចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាប ម្សៅ។

៤- សហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួល ព័ត៌មានស្តី ដើម្បីរួមគ្នាទប់ស្កាត់និង ដោះស្រាយបញ្ហាទាន់ពេលវេលា៕

To Top