ព័ត៌មានជាតិ

រដ្ឋសភាអនុម័ត លើសន្ធិសញ្ញាស្តីពីការផ្ទេរ ទណ្ឌិតនិងច្បាប់ ជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ រវាងកម្ពុជា និងវៀតណាម

ភ្នំពេញ ៖ សមាជិករដ្ឋសភា ចំនួន១១៦រូប បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត វាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

ការអនុម័តសេចក្តីសេចព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេច ហេងសំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ព្រមទាំងសមាជិកស មាជិការរដ្ឋសភាចំនួន១១៨រូប ។

យោងតាមសេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាល បានលើកឡើងថា សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរៀបចំឡើង ដោយរាជរដ្ឋាភិបាល នៃប្រទេសទំាងពីរ ដោយបានឆ្លងកាត់ការប្រជុំយ៉ាងល្អិតល្អន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់ នៃភាគីនីមួយៗ និងតាមច្បាប់អន្តរជាតិ ។

ប្រភពបានបន្តថា សន្ធិសញ្ញានេះ មានគោលបំណងលើក កម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរទណ្ឌិត ដើម្បីផ្តល់ឱកាសដល់ទណ្ឌិត អាចធ្វើសមាហរណកម្ម ទៅក្នុងសង្គម និងក្នុង គោលបំណងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តសាលក្រមព្រហ្មទណ្ឌ ដោយសន្ធិសញ្ញានេះមាន២០មាត្រា ។

នៅព្រឹកថ្ងៃដដែលរដ្ឋសភា ក៏បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងប្រទេសកម្ពុជា និងវៀតណាម ដោយសំឡេង១១៥ផងដែរ ។

សន្ធិសញ្ញានេះមានគោល បំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ សំដៅប្រយុទ្ធប្រឆាំង នឹងបទល្មើសប្រកបដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានគោរពអធិ បតេយ្យភាពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍រួមសងខាង ហើយជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ក្នុងវិស័យព្រហ្មទណ្ឌ នឹងឧក្រិដ្ឋកម្មឆ្លងដែន ។

សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនេះមាន២៤មាត្រា ៕ដោយ៖ ស សំណាង

To Top