ព័ត៌មានជាតិ

១ត្រីមាស កម្ពុជា អនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម ១០៦គម្រោង មានទុនវិនិយោគ ២,២ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ១ត្រីមាស នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោង ពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។

ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោង វិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើង គួរឱ្យកត់សម្គាល់ប្រមាណ ជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ការកើន ឡើងយ៉ាងគំហុកនេះគឺដោយសារវត្តមាន នៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងពង្រីកផលិតកម្មនៃវិស័យ ឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៕

To Top