ម៉ូស្គូៈ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានរិះគន់ការលើកឡើង របស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អំពីសក្តានុពលនៃការដាក់ពង្រាយ កងទ័ពបារាំងទៅកាន់អ៊ុយក្រែនថា មិនអាចទទួលយកបាន ជាពិសេសចំពេលស្ថានការណ៍យោធា-នយោបាយតានតឹងនៅអឺរ៉ុប។
ក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀត លើសេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីបារាំងនាពេលថ្មីៗនេះ អំពីការបញ្ជូនបុគ្គលិកយោធា ដែលអាចធ្វើទៅបានពីប្រទេសសមាជិកសម្ព័ន្ធមិត្ត ទៅកាន់តំបន់ប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានលើកឡើងថា “សេចក្តីថ្លែងការណ៍ទាំងនេះបង្ហាញពីការត្រៀមខ្លួន ដើម្បីដើរតាមមាគ៌ានៃការកើនឡើង នៅក្នុងលក្ខខណ្ឌនៅពេលដែល លោកខាងលិចខ្លួនឯងកំពុងរងបរាជ័យ ជាយុទ្ធសាស្រ្តនៅលើដី”។
លោកបន្ដថា ការអួតបែបនេះមិនថាគោលដៅ នយោបាយបរទេសឬក្នុងស្រុក ដែលពួកគេបន្តគឺមិនអាចទទួលយកបានទេ សម្រាប់អ្នកនយោបាយ ដែលមានការទទួលខុសត្រូវជាពិសេសនៅក្នុង បរិបទនៃស្ថានការណ៍នយោបាយយោធា ដែលតានតឹងរួចហើយនៅអឺរ៉ុប។
លោក Grushko ក៏បានគូសបញ្ជាក់ដែរថា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងម្តងហើយម្តងទៀតថា សម្ព័ន្ធភាពមិននៅក្នុងសង្គ្រាមជាមួយរុស្ស៊ី និងមិនមែនជាភាគីនៃជម្លោះជុំវិញអ៊ុយក្រែននោះទេ។
កាលពីខែកុម្ភៈ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានប្រកាសពីផែនការរបស់ សហភាពអឺរ៉ុបសម្រាប់សម្ព័ន្ធថ្មីមួយ ដើម្បីផ្គត់ផ្គង់អ៊ុយក្រែននូវ កាំជ្រួចរយៈចម្ងាយឆ្ងាយ ហើយបានពិភាក្សាដោយគ្មានការឯកភាពគ្នា ការដាក់ពង្រាយកងទ័ព ដែលមានសក្តានុពលដោយថា ជម្រើសទាំងអស់កំពុងត្រូវបានពិចារណា ៕
ប្រែសម្រួល ឈូក បូរ៉ា