ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយប្រហារ​លើ​អាកាសយានដ្ឋាន​យោធា​រុស្ស៊ី​ចំនួន​បី ដោយ​យន្តហោះ​ដ្រូន

រូបភាពពី៖​ AFP

គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានរាយការណ៍ថា អ៊ុយក្រែន បានវាយប្រហារលើអាកាសយានដ្ឋានយោធារុស្ស៊ីចំនួន ៣ ដោយយន្តហោះដ្រូន កាលពីព្រឹកថ្ងៃសុក្រ ដោយបានបំផ្លាញយន្តហោះជាច្រើនគ្រឿង។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MC យ៉ាងតិចចំនួន ៣ គ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូននៅលើអាកាសយានដ្ឋាន Engels-2 ក្នុងតំបន់ Saratov ភាគនិរតីនៃប្រទេសរុស្ស៊ី។

ក្រៅពីនេះ យន្តហោះចម្បាំង Su-25 ពីរគ្រឿងត្រូវបានបំផ្លាញក្នុងការវាយប្រហារលើអាកាសយានដ្ឋាន Yeysk ក្នុងតំបន់ Krasnodar ភាគនិរតីប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យន្តហោះដ្រូនរបស់អ៊ុយក្រែនក៏បានវាយប្រហារលើអាកាសយានដ្ឋានយោធានៅទីក្រុង Kursk ភាគខាងលិចរបស់រុស្ស៊ីផងដែរ។ នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ជាច្រើនដោយដកស្រង់ប្រភពរបស់ពួកគេនៅក្នុងសេវាសន្តិសុខរបស់ប្រទេសនេះបានរាយការណ៍ថា អ៊ុយក្រែនបានវាយប្រហារអាកាសយានដ្ឋាន Morozovsk នៅភាគនិរតីនៃប្រទេសរុស្ស៊ី ដោយយន្តហោះដ្រូន ដោយបានបំផ្លាញយន្តហោះចម្បាំងចំនួន ៦ គ្រឿង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top