ព័ត៌មានអន្តរជាតិ

លោក គីស៊ីដា ទៅដល់អាមេរិកហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង របស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងរយៈពេល ៩ឆ្នាំ

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានទៅដល់សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងដោយមេដឹកនាំជប៉ុន ក្នុងរយៈពេល ៩ឆ្នាំ ដោយបានគូសបញ្ជាក់ ពីសារៈសំខាន់កាន់តែខ្លាំងឡើង នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

លោក គីស៊ីដា គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនៅទីក្រុងវ៉ាស៊ីនតោន ហើយនឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមគ្នា នៃសភានៅថ្ងៃបន្ទាប់ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុន។

មន្ត្រីបានឲ្យដឹងថា លោក គីស៊ីដា ដែលគ្រោងនឹងត្រឡប់ទៅ កាន់ទីក្រុងតូក្យូវិញនៅថ្ងៃអាទិត្យ ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីជាមួយលោក បៃដិន អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជប៉ុន-សហរដ្ឋអាមេរិក ក្នុងវិស័យផ្សេងៗ រាប់ចាប់ពីសន្តិសុខ និងបច្ចេកវិទ្យាទំនើបរហូត ដល់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។

លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាន មុនពេលចាកចេញពីទីក្រុងតូក្យូថា “ខ្ញុំចង់បញ្ជាក់ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានកសាងទំនាក់ទំនងដ៏រឹងមាំជាងមុន ហើយវានឹងក្លាយជាឱកាសដ៏សំខាន់ ក្នុងការបញ្ជូនសារនេះទៅកាន់ពិភពលោក” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top