ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ថ្ងៃចូលឆ្នាំខ្មែរ សូមឲ្យពលរដ្ឋប្រើប្រាស់ផ្លូវដោយការទទួលខុសត្រូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណៈជន ត្រូវចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ មេសា តាមរយៈការធ្វើដំណើរតាមដងផ្លូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

តាមរយៈសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១០ មេសា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា កោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា ប៉ុន្តែតាមការកត់សម្គាល់ឃើញគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ដែលបានបណ្តាលឲ្យមានកំណើនជនរងគ្រោះជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។

លោកឧបនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ ទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និង ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមវិធានការនានា»៕

To Top