ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បន្តចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកបាណន់

ភ្នំពេញ ៖ គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១៥០នាក់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចុះទៅបំពេញបេសកកម្មពិនិត្យ និងព្យបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា, លោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន។

យោងតាមរបាយការណ៍លោក ខៀវ ភារិទ្ធ អនុប្រធានអចិន្ត្រៃយ៍សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានលើកឡើងថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្ដេច ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៦ មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋបានចំនួន ២២លើកហើយ ក្នុងនោះខេត្តព្រៃវែង មាន១៩លើក និងខេត្តបន្ទាយមានជ័យ ចំនួន៣លើក។ ដោយឡែក សម្រាប់ខេត្តបាត់ដំបង គឺជាលើកទី១ ដែលក្រុមគ្រូពេទ្យ បានចុះមកកាន់ស្រុកបាណន់។

លោកបន្ថែមថា បច្ចុប្បន្នក្រុមពេទ្យស្ម័គ្រចិត្ត ស សុខា មានជំនាញ៨ផ្នែក ទី១.ផ្នែកអេកូសាស្ត្រ ទី២.ផ្នែកវះកាត់តូច ទី៣.ផ្នែកជំងឺទូទៅ ទី៤.ផ្នែករោគស្ត្រី ទី៥.ផ្នែកកុមារ ទី៦.ផ្នែកទន្តសាស្ត្រ ៧.ផ្នែកឱសថ ទី៨.ផ្នែកពិនិត្យ និងចុះឈ្មោះបឋមដែលផ្នែកនីមួយៗ និងថ្មីៗនេះក៏បានបន្ថែមផ្នែកជំងឺភ្នែកមួយទៀតផងដែរ ដោយផ្នែកនីមួយៗមានលោកគ្រូ អ្នកគ្រូពេទ្យ វេជ្ជបណ្ឌិត ទន្តបណ្ឌិត ជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធព្យាបាលជាច្រើនឆ្នាំមកហើយ។

សម្រាប់លោក ស សុខា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលជានិច្ចជាកាលបានចុះធ្វើសកម្មភាពមនុស្សធម៌ប្រកបដោយការទទួលខុសត្រូវជូនប្រជាពលរដ្ឋ និងបានចាត់ទុកបេសកកម្មនេះ ថាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យ ប្រជាជននៅកម្ពុជា ត្រូវមានសុខភាពសុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភចំពោះការផ្ដល់សេវាពិនិត្យ និងព្យាបាល ពីព្រោះក្រុមគ្រូពេទ្យដែលអញ្ជើញមក សុទ្ធតែជាអ្នកមានចំណេះជំនាញ និងបទពិសោធច្បាស់លាស់។ ជាមួយគ្នានេះ លោក ក៏បានទទូចទៅកាន់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រតិបត្តិតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងត្រូវខិតខំថែរក្សាសុខភាពទាំងខ្លួនឯង និងកូនចៅ ដែលជាអនាគតនៃអ្នកបន្តវេនទាំងក្រុមគ្រួសារ និងសង្គមជាតិ៕

To Top