កង់បេរ៉ា៖ រដ្ឋរបស់ប៉ាឡេស្ទីន គឺជាដំណោះស្រាយ តែមួយគត់ ដើម្បីបញ្ចប់វដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា នេះបើតាមការលើកឡើង របស់រដ្ឋមន្ត្រី ការបរទេសអូស្ត្រាលី។
នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសន្តិសុខរបស់សាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) កាលពីយប់ថ្ងៃអង្គារ លោកស្តី Penny Wong បានឲ្យដឹងថា ការទទួលស្គាល់ ជាអន្តរជាតិអំពីរដ្ឋប៉ាឡេស្ទីន នឹងធ្វើឱ្យប្រសើរឡើង នូវឱកាសសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា និងកសាងសន្ទុះឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ។
លោកស្រី Wong ក៏បានអំពាវនាវម្តងទៀត ឱ្យអ៊ីស្រាអែល ធ្វើការផ្លាស់ប្តូរដ៏សំខាន់ និងជាបន្ទាន់ចំពោះយុទ្ធនាការ យោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីការពារជនស៊ីវិល អ្នកកាសែត និងបុគ្គលិកជំនួយ។
រដ្ឋាភិបាលអូស្ត្រាលី បានបង្កើនការរិះគន់របស់ខ្លួនលើកងកម្លាំងការពារអ៊ីស្រាអែល (IDF) បន្ទាប់ពីពលរដ្ឋអូស្ត្រាលី Zomi Frankcom និងសហការី ៦នាក់មកពី World Central Kitchen (WCK) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសខណៈពេលកំពុងផ្តល់ជំនួយ នៅកណ្តាលហ្គាហ្សា កាលពីដើមខែមេសា។
កាលពីថ្ងៃចន្ទ លោកស្រី Wong បានប្រកាសថា អតីតប្រធានកងកម្លាំងការពារអូស្ត្រាលី (ADF) លោក Mark Binskin ត្រូវបានតែងតាំងជាទីប្រឹក្សាពិសេស ដើម្បីមើលការខុសត្រូវ លើការស៊ើបអង្កេតផ្លូវការរបស់អ៊ីស្រាអែល លើឧប្បត្តិហេតុនេះ៕
ប្រែសម្រួល ឈូក បូរ៉ា