ព័ត៌មានអន្តរជាតិ

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទ ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទ ដោយឡែកពីគ្នាជាមួយលោកHossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ និងលោក Faisal bin Abdelaziz Al Saudរដ្ឋមន្ត្រីការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីតតាមការណាត់ ។

ថ្លែងក្នុងកិច្ចជំនួប លោក Amir-Abdollahian បានលើកឡើងថា ប្រទេសអ៊ីរ៉ង់មានសិទ្ធិឆ្លើយតបបែបលក្ខណៈការពារខ្លួន ខណៈពេលរងការរំលោភលើអធិបតេយ្យភាព ។ ស្ថានការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ននេះ មានភាពរសើបណាស់ អ៊ីរ៉ង់មានឆន្ទៈរក្សាការអត់ធ្មត់ ហើយគ្មានចេតនាធ្វើឱ្យស្ថានការណ៍ ឡើងកម្តៅថែមទៀតនោះទេ ។

លោក Wang Yi បានថ្លែងថា ជឿជាក់ថា អ៊ីរ៉ង់អាចក្តាប់ស្ថានការណ៍ឱ្យបានល្អ ស្របនឹងពេលគាំពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏អាចចៀសវាងកុំឱ្យស្ថានការណ៍ មានភាពរង្គោះរង្គើថែមមួយកម្រិតទៀត ។

ពេលជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Faisal លោក Wang Yi បានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះទង្វើល្មើសនឹងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដូចជាការវាយប្រហារទៅលើ ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីជាដើម ព្រមពេលជាមួយគ្នានេះ យើងក៏បានចាប់អារម្មណ៍ដល់ថា អ៊ីរ៉ង់បានអះអាងថា សកម្មភាពឆ្លើយតបរបស់ខ្លួនមិន សំដៅចំពោះប្រទេសជិតខាងណាមួយទេ ហើយមានឆន្ទៈបន្តប្រកាន់ខ្ជាប់ គោលនយោបាយសុខដុមរមនា និងមិត្តភាពជាមួយប្រទេសជិតខាង ។ ប្រទេសចិនសូមកោតសរសើរ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានគូសបញ្ជាក់ពីការ ដោះស្រាយបញ្ហាតាមផ្លូវការទូត ។

ជាការឆ្លើយតប លោក Faisal បានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតរំពឹងទុកយ៉ាងខ្លាំងថា ប្រទេសចិនអាចដើរតួនាទីយ៉ាងសកម្មនិងសំខាន់ ហើយរីករាយបង្កើនការប្រាស្រ័យទាក់ទង និងការសម្របសម្រួលជាមួយប្រទេសចិន ក្នុងន័យជំរុញឱ្យសម្រេចបាននូវ ការឈប់បាញ់គ្នានៅតំបន់កាហ្សា ដោយគ្មានល័ក្ខខ័ណ្ឌ និងចាប់ផ្តើមអនុវត្ត”ដំណោះស្រាយរដ្ឋពីរ” ដើម្បីសម្រេចបាននូវស្ថិរភាពក្នុង តំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ ៕

To Top