ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម ស្នើឱ្យនាយកប្រតិបត្តិ ក្រុមហ៊ុន Apple ធ្វើឱ្យប្រទេសវៀតណាម ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម របស់ក្រុមហ៊ុនសម្រាប់ទីផ្សារពិភពលោក

ប្រភព ៖ AFP

បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃអង្គារបានស្នើ ឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ធ្វើឱ្យប្រទេសវៀតណាម ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម របស់ក្រុមហ៊ុន សម្រាប់ទីផ្សារពិភពលោករបស់ខ្លួន ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាម បានប្រាប់លោក Cook នៅការិយាល័យរដ្ឋាភិបាល នៅទីក្រុងហាណូយថា លោកបានកោតសរសើរ ចំពោះការពង្រីករបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្កើតការងារចំនួន ២០០.០០០កន្លែង ។

លោកបានជំរុញឱ្យក្រុមហ៊ុនជួយឧបត្ថម្ភវៀតណាម ក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ហើយ ទន្ទឹមនឹងនោះក៏កំពុងអភិវឌ្ឍកម្លាំង ពលកម្មដែលមានជំនាញខ្ពស់ ដើម្បីបង្កើតប្រទេស ជាមជ្ឈមណ្ឌលផលិតកម្ម របស់ខ្លួន។ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានសន្យាថានឹងបង្កើត ក្រុមការងារដើម្បីជួយដល់ប្រតិបត្តិការ របស់ Apple នៅប្រទេសវៀតណាម ។

លោក Cook នាយកប្រតិបត្តិ ក្រុមហ៊ុន Apple បាននិយាយថា លោកកំពុងមានដំណើរកម្សាន្ត “អស្ចារ្យ” នៅប្រទេសវៀតណាម ដែលលោកបានជួបជាមួយ អ្នកអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន ។ លោកបានបន្ថែមថា លោកចង់បង្កើនភាពជាដៃគូ និងការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅក្នុងប្រទេសវៀតណាម។

មុនពេលជួបជាមួយនាយករដ្ឋមន្ត្រី ផាម មិញជិញ, លោក Cook បានទៅទស្សនាសាលាបឋមសិក្សា និងអនុវិទ្យាល័យ Ngoi Sao ក្នុងស្រុក Thanh Xuan ជាកន្លែងដែលលោក បានចូលរួមក្នុងថ្នាក់វិទ្យាសាស្ត្រ ដែលសិស្សទាំងអស់ បានប្រើប្រាស់ iPad ។

សូមជម្រាបថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានធ្វើដំណើរមកដល់ទីក្រុងហាណូយកាលពីថ្ងៃចន្ទ ហើយបានចំណាយ ពេលដើរជុំវិញបឹង Hoan Kiem ដ៏ល្បីល្បាញរបស់ទីក្រុងហាណូយ ខណៈកំពុងនិយាយទៅកាន់ influencer ផ្នែកបច្ចេកវិទ្យា Ngo Duc Duy៕
ប្រែសម្រួលៈ ណៃ តុលា

To Top