ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះលោក LEE Jaeyoo អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងយុត្តិធម៌ របស់សាធារណរដ្ឋកូរ៉េ ដែលតែង តែផ្តល់ កិច្ចសហប្រតិបត្តិកា គាំទ្រយ៉ាងល្អ ចំពោះវិស័យការងារ នៃប្រទេសទាំងពីរប្រកប ដោយផ្លែផ្កាសម្រាប់ ប្រជាជាតិទាំងសងខាង ។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគី នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណង នៃកិច្ចសហការដ៏ល្អ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ ដែលបាននិង កំពុងផ្តល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះលោករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រ នៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ ជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េ ចំនួន២៦ផ្សេងគ្នា ដែលកំពុង ដំណើរការដោយរលូន និងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។
ដោយឡែក លោកអគ្គស្នងការ នៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំ ពុងជួយបំពេញតម្រូវការ ខ្វះខាតក្នុងខ្សែសង្វាក់ ផលិតកម្មដែលជាតម្រូវការ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាព គ្រួសារផងដែរ។
តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីជំរុញ ឱ្យកាន់តែប្រសើរឡើង នៃវិស័យការងារកម្ពុជា និងកូរ៉េក្នុងគោលបំណងពង្រីក ឱកាសទីផ្សារការងារ សម្រាប់ពលរដ្ឋកម្ពុជា ៕