ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ថ្ងៃចូលឆ្នាំខ្មែរ បញ្ហាអសន្តិសុខ នានាថយចុះ៣០%

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លទៅ បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា បានថយចុះប្រមាណ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំមុន ។

សម្តេចថា នេះជាស្មារតី នៃការអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី។

បុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ បានរៀបចំយ៉ាងល្អ ហើយបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅគ្រប់ទី។
នេះជាប្រសាសន៍ សម្តេចនាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ មេសា ។

សម្ដេចធិបតី មានប្រសាសន៍បន្តថា បុណ្យចូលឆ្នាំថ្មី ឆ្នាំនេះមានការសប្បាយរីករាយ នៅគ្រប់រាជធានី-ខេត្ត ស្រុក-ក្រុង សាលារៀន វត្តអារាម ព្រមទាំងទីកន្លែងសាធារណៈ ដោយពលរដ្ឋ បានលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងផុសផុល។

ជាមួយគ្នានេះ សម្ដេចធិបតីក៏ទទួលស្គាល់ថា ចូលឆ្នាំខ្មែរក៏មានបាតុភាពអវិជ្ជមានកើតឡើងតិចតួចដែរ ខណៈបទល្មើសនានាមានការថយចុះបើធៀបទៅនឹងឆ្នាំមុន។

សម្ដេចធិបតី មានប្រសាសន៍ថា «បាតុភាពអវិជ្ជមាន ដូចជា ការឈ្លោះគ្នា ការវៃគ្នា ក៏មិនមានច្រើន ហើយបញ្ហាអសន្ដិសុខផ្សេងៗថយចុះ ៣០% ឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំទៅ ហើយការលេង ដោយគោរពគ្នា ហើយនេះជាស្មារតី នៃការអបអរសាទរ របស់ប្រជាជាតិខ្មែរយើង សម្រាប់បុណ្យចូលឆ្នាំថ្មីយើងនេះ»។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប បានរួមគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ បានយ៉ាងល្អប្រសើរ។ ក្នុងនោះសាលារាជធានីភ្នំពេញ ក៏បានរៀបចំរថយន្ដក្រុង ដឹកពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ស្ថិតិពលរដ្ឋខ្មែរ និងទេសចរបរទេសដើរ លេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ មាន ប្រមាណ ២១.៧០ លាននាក់ ខណៈទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់៕

To Top