ដូហា៖ នាយករដ្ឋមន្ត្រីកាតា និងជារដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានឲ្យដឹងថា ស្ថានភាពនៅក្នុងតំបន់ គឺមាន “រសើបខ្លាំង” នាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នេះ ក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីរ៉ូម៉ានី Marcel Ciolacu។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសកាតា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់នៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ជាពិសេសលើការបន្ធូរបន្ថយ និងលើកកម្ពស់សន្តិភាព ជាពិសេសនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម។
សេចក្តីថ្លែងការណ៍បានដកស្រង់ សម្តីនាយករដ្ឋមន្ត្រីកាតាថា “តំបន់កំពុងឆ្លងកាត់លក្ខខណ្ឌដ៏រសើប ហើយបានឃើញការកើនឡើងនៅក្នុង វិធីផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ” ។
លោកក៏បានអំពាវនាវឱ្យ សហគមន៍អន្តរជាតិទទួលខុសត្រូវ ចំពោះការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបដិសេធពីការប្រើប្រាស់ ជំនួយមនុស្សធម៌ជាឧបករណ៍ សម្រាប់ឥទ្ធិពលនយោបាយ ៕
ប្រែសម្រួល ឈូក បូរ៉ា