ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់បានស្លាប់ ខណៈ​ដំរី​មួយក្បាលបាន​ចាប់និងប្រមោយបោកផ្ទប់ នឹងគល់ឈើ

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត​ បន្ទាប់ពីដំរីមួយក្បាលស្ទុះ​មក​ចាប់និងប្រមោយរបស់វាបោក បណ្ដាលឲ្យ​ផ្លោងប៉ះ​នឹងដើមឈើ កាលពីវេលា​ម៉ោង​៩​និង​១១​នាទី​ព្រឹកថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ត្រង់ចំណុច​ភ្នំក្រូច ស្ថិតនៅ​ក្នុងភូមិ​កា​ទៀង ឃុំល្បាំង​២ ស្រុកលំផាត់ ខេត្ត​រតនគិរី។

មន្ត្រីនគរបាល​ឃុំល្បាំ​ង​២​បាន​ឲ្យដឹងថា ក្មេងរងគ្រោះ​ ឈ្មោះ ហៀក ជីវៈ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជន​ជាតិ​ព្រៅ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​ ក្រោយពី​ដឹក​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​ រីឯ​ម្ចាស់​ដំរី​ ឈ្មោះ ខៃ ចិន្តា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​រាជ​ធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​បាន​បន្តថា ហ្មដំរី ឈ្មោះ ប៊ុន រឿង​ផ្លា​ល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ព្រៅ មុខ​របរ អ្នក​ថែទាំ​ដំរី មាន​ទីលំនៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្ត​រតនគិរី ហើយ​ដំរី​នោះ​មាន​ឈ្មោះ បុក ម៉ា​យ ឈ្មោល មាន​អាយុ​៣២​ឆ្នាំ។

លោក​ថា នៅ​មុនពេល​កើតហេតុ​ ឈ្មោះ ប៊ុន រឿង​ផ្លា​ល បាន​នាំ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជូនទៅ​កន្លែង​ចង​ដំរី ដើម្បី​ឲ្យ​យក​ម៉ូតូ​មក​ភូមិ​វិញ ពេលនោះ ​ដំរី​ក៏បាន​ស្ទុះ​មក​ចាប់​ក្មេងប្រុសរងគ្រោះនិងប្រមោយបោកផ្ទប់​ទៅនឹង​គល់​ឈើ ​រងរបួស​ធ្ងន់ធ្ងរ។ ហ្ម​ដំរី​ ក៏បាន​លើក​ក្មេងរងគ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​យកមក​មន្ទីរពេទ្យ​បង្អែក​ខេត្ត គ្រូពេទ្យ​មិនទាន់បាន​ជួយសង្គ្រោះ​ផង​នោះ ក្មេងរងគ្រោះ​ក៏បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ក្រោយពេល​ដឹងថា​ក្មេងរងគ្រោះ​បាន​ស្លាប់​នោះ ហ្ម​ដំរី​នេះ ​ក៏បាន​រត់​គេចខ្លួនបាត់​តែម្ដង​។​

​ក្រោយពីទទួល​បានព័ត៌មាន​ កម្លាំងជំនាញ​និងអធិការដ្ឋាន សហការជា​មួយកម្លាំង​ប៉ុស្តិ៍ចុះ​មកពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យវិច័យ​ រួច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​ឪពុកម្ដាយ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

To Top