បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានជំរុញឱ្យក្រុមហ៊ុនលក់អាវុធអាមេរិក Lockheed Martin បើកកន្លែងថែទាំ សម្រាប់យន្តហោះចម្បាំង F-16 នៅក្នុងប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់លោកកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក al-Sudani បានជួបជាមួយប្រធានក្រុមហ៊ុន Lockheed Martin លោក James Taiclet និងគណៈប្រតិភូរបស់លោកក្នុងអំឡុង ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែលនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផលិតយន្តហោះ F-16 ដើម្បីបើកកន្លែងថែទាំ និងផ្គត់ផ្គង់អ៊ីរ៉ាក់ ជាមួយនឹងគ្រឿងបន្លាស់ដែលត្រូវការ។
លោក al-Sudani បានលើកឡើងថា “នេះមានសារៈសំខាន់ណាស់ សម្រាប់អ៊ីរ៉ាក់ ក្នុងការស្តារឡើងវិញនូវ យន្តហោះចម្បាំងរបស់អ៊ីរ៉ាក់ (F-16) ដើម្បីរក្សាសន្តិសុខជាតិរបស់ប្រទេសនេះ”។
គណៈប្រតិភូរបស់ក្រុមហ៊ុន បានសម្តែងការយល់ដឹង និងការត្រៀមខ្លួន ដើម្បីបំពេញតាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ទាក់ទងនឹងការអនុវត្តកិច្ចសន្យា ផ្គត់ផ្គង់យន្តហោះ ដើម្បីផ្តល់ឧបករណ៍ចាំបាច់ទាំងអស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
យន្តហោះចម្បាំង F-16 របស់អ៊ីរ៉ាក់ ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានអាកាស Balad ចម្ងាយប្រហែល ៨០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីបាកដាដ របស់ប្រទេសអ៊ីរ៉ាក់។ មូលដ្ឋានទ័ពអាកាសក៏បានដាក់កងទ័ពអាមេរិក និងជំរំ សម្រាប់ក្រុមបច្ចេកទេសរបស់សហរដ្ឋអាមេរិក ដែលពីមុនបានដកខ្លួនចេញពីមូលដ្ឋានទ័ពអាកាស បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត ជាបន្តបន្ទាប់ដោយកងជីវពល មិនស្គាល់អត្តសញ្ញាណ ៕
ប្រែសម្រួល ឈូក បូរ៉ា