គែរៈ បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានសម្តែងការខកចិត្តរបស់ពួកគេ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់វេតូរបស់ខ្លួនដើម្បីបដិសេធសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍បានវេតូលើសេចក្តីព្រាងសេចក្តីសម្រេចមួយដែលផ្តល់អនុសាសន៍ឲ្យមហាសន្និបាតទទួលស្គាល់ប៉ាឡេស្ទីនទៅក្នុងអង្គការសហប្រជាជាតិ។ អង់គ្លេស និងស្វីសបានអនុប្បវាទ ខណៈសមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលនៅសេសសល់បានបោះឆ្នោតគាំទ្រ។
លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “វាជារឿងគួរឱ្យសោកស្តាយ ដែលវេតូត្រូវបានប្រើ ដើម្បីរារាំងឆន្ទៈអន្តរជាតិជាក់ស្តែងក្នុងការទទួលយកសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន ទៅកាន់អង្គការសហប្រជាជាតិ” ។
ក្រសួងការបរទេសអេហ្ស៊ីប ក៏បានសម្តែងការសោកស្ដាយផងដែរ ដោយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងអនុម័តសមាជិកភាពពេញលេញរបស់ខ្លួននៅក្នុងអង្គការសហប្រជាជាតិ គឺជាសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ដែលបានរងទុក្ខពីការកាន់កាប់របស់អ៊ីស្រាអែលអស់រយៈពេលជាង ៧០ ឆ្នាំមកហើយ។
ប្រភពបានបន្ថែមថា ការរាំងស្ទះនៃសមាជិកភាពពេញលេញ គឺមិនស៊ីសង្វាក់គ្នាជាមួយនឹងការទទួលខុសត្រូវផ្នែកច្បាប់ និងជាប្រវត្តិសាស្ត្រដែលដាក់លើសហគមន៍អន្តរជាតិក្នុងការបញ្ចប់ការកាន់កាប់ និងការឈានដល់ដំណោះស្រាយចុងក្រោយ និងយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីននោះទេ។
ការខកចិត្តចំពោះលទ្ធផលនេះ ក្រសួងការបរទេស និងជនអន្តោប្រវេសន៍លីបង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបកប្រែពាក្យទៅជាសកម្មភាព ដោយទទួលយកដំណោះស្រាយរដ្ឋពីរ និងទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋឯករាជ្យពេញលេញ៕
ប្រែសម្រួល ឈូក បូរ៉ា