អ៊ីស្តង់ប៊ុល៖ កាលពីថ្ងៃសៅរ៍ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានជួបជាមួយប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក Ismail Haniyeh នៅក្នុងទីក្រុងដ៏ធំបំផុតរបស់តួកគី គឺទីក្រុងអ៊ីស្តង់ប៊ុល ។
សេចក្តីរាយការណ៍ដោយទូរទស្សន៍ NTV បានឲ្យដឹងថា កិច្ចប្រជុំដែលបានចាប់ផ្តើមនៅម៉ោង២:៣០រសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៣០នាទីម៉ោងសកល ត្រូវបានធ្វើឡើងនៅពីក្រោយបិទទ្វារនៅការិយាល័យធ្វើការរបស់ប្រធានាធិបតី Dolmabahce ។
ទូរទស្សន៍ NTV បានផ្សាយទៀតថា មេដឹកនាំទាំង២ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអ៊ែលដែលកំពុងបន្ត និងស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់ ។
កាលពីពេលថ្មីៗនេះ លោក Haniyeh បានទទួលរងការបាត់បង់កូនប្រុសចំនួន៣នាក់របស់គាត់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល នៅទីក្រុងហ្គាហ្សា កាលពីថ្ងៃទី១០ ខែមេសា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា