ព័ត៌មានជាតិ

សម្តេច ឃួន សុដារី៖ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកផលប្រយោជន៍ ដល់ប្រទេសទំាងពីរ តែនាំមកវិបុលភាពក្នុងតំបន់-សកលលោក

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់ និងសកលលោកផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចចិន នៅថ្ងៃ២៣ មេសា សម្តេចថា កម្ពុជា-ចិន កាន់តែមានចំណងរឹងមាំឡើងថែមទៀត។

សម្ដេចបន្ដថា ដំណើរទស្សនកិច្ចរបស់លោក ចាង ឈីងលីនៅកម្ពុជានាពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ហើយបានរួមចំណែកដល់ការ ពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា នៃប្រទេសទំាងពីរកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ស្របតាមកិច្ចសហប្រតបត្តិការភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទំាងពីរ។

ចំណែកលោក ចាង ឈីងលី បានវាយតម្លៃខ្ពស់ពីការរីកចម្រើន របស់កម្ពុជានាពេលបច្ចុប្បន្ន ទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថា ចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍ របស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ប្រទេសទំាងពីរក្នុងការកសាងសហគមន៍ វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ៕

To Top