ព័ត៌មានអន្តរជាតិ

រកឃើញផ្នូរកប់សាកសព មនុស្សរាប់រយនាក់ នៅមន្ទីរពេទ្យធំក្នុងតំបន់ហ្គាហ្សា ក្រោយប្រតិបត្តិការពិសេសរបស់អ៊ីស្រាអែល

RT News

បរទេស៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការ “រន្ធត់ចិត្ត” ចំពោះការបំផ្លិចបំផ្លាញនៃកន្លែងវេជ្ជសាស្ត្រ Nasser និង Al-Shifa នៅក្នុងតំបន់ ហ្គាហ្សា ដោយកងទ័ពអ៊ីស្រាអែល និងរបាយការណ៍អំពីផ្នូរកប់សាកសព ដ៏ធំដែលបានរកឃើញនៅទីនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីនបានរាយការណ៍ថា បានរកឃើញសាកសពជាច្រើន នៅក្នុងផ្នូរដ៏ធំនៅឯមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis តំបន់ហ្គាហ្សា ក្នុងសប្តាហ៍នេះ បន្ទាប់ពីមន្ទីរពេទ្យនេះត្រូវបានបោះបង់ ចោលដោយកងកម្លាំងអ៊ីស្រាអែល ។ សាកសពក៏ត្រូវបានគេរាយការណ៍នៅទីតាំង Al-Shifa បន្ទាប់ពីប្រតិបត្តិការ កងកម្លាំងពិសេសរបស់អ៊ីស្រាអែល។

យោងតាមសេវាសង្គ្រោះបន្ទាន់ស៊ីវិល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្គាហ្សា ដែលត្រូវបានដកស្រង់ដោយ Reuters គឺថា មានសាកសពសរុបចំនួន ៣១០ ត្រូវបានគេរកឃើញ នៅក្នុងផ្នូរដ៏ធំមួយនៅឯមន្ទីរពេទ្យ Nasser ដែលជាកន្លែងថែទាំសុខភាព ដ៏សំខាន់នៅភាគខាងត្បូងហ្គាហ្សា។ ផ្នូរដ៏ធំពីរទៀតត្រូវបានគេរាយការណ៍ថា ត្រូវបានគេកំណត់អត្តសញ្ញាណ ប៉ុន្តែមិនទាន់បានជីកកកាយនៅឡើយទេ។

លោក Turk បាននិយាយថា “យើងមានអារម្មណ៍ថា ចាំបាច់ត្រូវបង្កើនការជូនដំណឹង ព្រោះច្បាស់ណាស់ថា មានការរកឃើញសាកសពជាច្រើន”។

ប្រធានផ្នែកសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិបាននិយាយថា “ពួកគេ (សាកសព) មួយចំនួនបានចងដៃ ដែលជាការពិតបង្ហាញពីការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយទាំងនេះត្រូវតែទទួលរង នូវការស៊ើបអង្កេតបន្ថែមទៀត” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top