កម្សាន្ត

សម្តេចធិបតី​ ណែនាំសិល្បករ មុនសម្រេចចិត្តធ្វើសកម្មភាពអ្វីមួយត្រូវប្រុងប្រយ័ត្ន​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ ឱ្យសិល្បករ សិល្បការិនីទាំងអស់ មុននឹងសម្រេចចិត្តធ្វើសកម្មភាពអ្វីមួយ ត្រូវប្រុងប្រយ័ត្ន​ នឹងត្រូវគិតគូរឱ្យច្បាស់ ព្រោះការរក្សាបានតម្លៃ​សិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់អ្នកសិល្បៈ គឺអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួន របស់សិល្បករសិល្បការិនីទាំងអស់ ប្រសិនបើសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលរងសម្ពាធពីសង្គម ។

ថ្លែងក្នុងឱកាសអញ្ជើញ “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី” នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ​ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “សិល្បករ សិល្បការិនី ជាគំរូ ជាតួរអង្គមានឥទ្ធិពល ទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្តែងដោយផ្ទាល់ ឬមិនផ្ទាល់ ការរក្សាបាននូវតម្លៃ​សិល្បវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យ លើសេចក្តីសម្រេចផ្ទាល់ខ្លួន របស់សិល្បករសិល្បការិនីទាំងអស់” ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសរំលឹកថា “ការសម្រេចចិត្តត្រឹមត្រូវ នឹងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលបាននូវសម្ពាធសង្គម” ។

ក្នុងន័យនេះ សម្តេចធិបតី បានណែនាំ ដល់សិល្បករ សិល្បការិនីទាំងអស់ថា មុននឹងជ្រើសរើស យកសកម្មភាពណាមួយ សិល្បករ សិល្បការិនីទាំងអស់ គួរប្រកាន់ខ្ជាប់ នូវគោលការណ៍ សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបទ ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូ​រ និងការចូលរួមលើកកម្ពស់ សីលធម៌សង្គម ដែលនឹងចូលរួម ដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ៕

To Top