ព័ត៌មានជាតិ

សម្តេចធិបតី ផ្តល់រង្វាន់ដល់ខេត្ត៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ អំឡុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់រង្វាន់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ក្នុង១ខេត្ត ទទួលលិខិតសរសើមួយ , ថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេសដែលសម្តេចប្រគល់ដោយផ្ទាល់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ សម្ដេចធិបតីបន្ដថា «ដូចតាមការប្រកាសកន្លងទៅ ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឲ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស»។

សូមបញ្ជាក់ថា ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលចូលឆ្នាំថ្មី រួមមាន ៖ ខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី៕

To Top