ព័ត៌មានជាតិ

អ្នកសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រ ហៅ សម រង្ស៊ី ជាបុគ្គលអវិជ្ជានយោបាយ

ភ្នំពេញ៖ លោក ឥន សុផល អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងជា អ្នកវិទ្យាសាស្ត្រនយោបាយខ្មែរ បានហៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថា ជាបុគ្គលអវិជ្ជានយោបាយ ដែលជំទាស់ទៅនឹងគម្រោងព្រែកជីកហ្វូននតេជោ ហើយតែងតែធ្វើសកម្មភាព បំផ្លាញជាតិ និងប្រជាជនខ្មែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក ឥន សុផល បានសរសេរយ៉ាងដូច្នេះថា៖

«ចង់ជូនពាក្យខ្លះៗទៅលោក សម រង្ស៊ី ! លោកគឺជាបុគ្គលអវិជ្ជានយោបាយ!

១/ លោកធ្វើនយោបាយ ជាងពាក់កណ្តាលជីវិតទៅហើយ នៅតែមិនយល់ “…តើនយោបាយគឺជាអ្វី…?” ។ អ្នកនយោបាយហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីប្រយោជន៍ជាតិនិងប្រជាជន ! ផ្ទុយទៅវិញ នយោបាយរបស់លោក បានផ្ទុយស្រឡះពីខ្លឹមសារ និងអត្ថន័យ “នយោបាយ” ។ លោកបានអំពាវនាវ ឱ្យអាម៉េរិក ផ្តាច់ជំនួយ និងបញ្ឈប់ការផ្តល់ GSP ឱ្យកម្ពុជា ! លោកបានអំពាវនាវ ឱ្យសហភាពអឺរ៉ុប ផ្តាច់ជំនួយ និងផ្តាច់ EBA ពីកម្ពុជា ! ទាំងអស់នេះ គឺជានយោបាយបំផ្លាញជាតិ និងប្រជាជន ពុំមែនបំផ្លាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬគណបក្សប្រជាជននោះទេ !

២/ ប្រជាជនកម្ពុជា កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ និងសាទរចំពោះគម្រោងព្រែកជីកហ្វូណន ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចកម្ពុជា ! ប្រជាជកកំពុងមិនសប្បាយចិត្តចំពោះប្រតិកម្មរបស់វៀតណាម រារាំងមិនឱ្យជីកព្រែក ! លោកជាអ្នកនយោបាយខ្មែរ បែរទៅជាគាំទ្រគំនិតរបស់វៀតណាម ! សួរថានយោបាយរបស់លោកនេះមានភាពវៃឆ្លាតទេ? ប្រជាជនគាំទ្រទេ? (សូន្យ និងអស់ជំនឿ)

៣/ លោកមានធ្លាប់ដឹងទេ តាំងពីសម័យសង្គមរាស្ត្រនិយមមក ទំនិញរបស់កម្ពុជាតាមផ្លូវទឹក ត្រូវឆ្លងកាត់កំពង់ផែព្រៃនគរវៀតណាម ឆ្លងកាត់ទន្លេមេគង្គក្រោមវៀតណាម យើងអាចដកដង្ហើមបានដោយសារវៀតណាម! សម័យលន់ នល់ វៀតណាម បានបិទទន្លេមេគង្គមិនឱ្យឆ្លងកាត់ តើវេទនាប៉ុនណា? គេមិនចង់ឱ្យកម្ពុជា មានដង្ហើមដកដោយខ្លួនឯង ព្រោះអាចដោះដៃរួចផុតពីគំនាបរបស់គេ !

៤/លោកភ្លេចហើយឬ ឪពុករបស់លោក(សម សារី) តែងតែប្រឆាំងនឹងផលប្រយោជន៍ជាតិ ! ស្អប់ពួកកុម្មុយនីស្ត ប្រឆាំងនឹងកុម្មុយនីស្ត ! បានក្បត់នឹងសម្តេចនរោត្តម សីហនុ ទៅចុះចូលជាមួយ សឺង ង៉ុកថាញ់ ដែលលោកយល់ថាជាខ្មែរសេរី ! ផ្ទុយទៅវិញ ឪពុករបស់លោក ក៏ដូចលោកដែរគឺ “…អវិជ្ជានយោបាយ…” ព្រោះគាត់ពុំបានដឹងទេថា “… ហូជីមិញ គឺជាអ្នកបង្កើតខ្មែរសេរី ដឹកនាំដោយ សឺង ង៉ុកថាញ់ និងខ្មែរវៀតមិញ ដឹកនាំដោយ សឺង ង៉ុកមិញ…” ហើយទំនងឪពុកលោក បានដឹងពីអាថ៌កំបាំងទាំងនេះ ទើបត្រូវក្រុមចារកម្មវៀតកុងធ្វើឃាតនៅចំណុចមុំ៣ ត្រីកោណកម្ពុជា វៀតណាម ឡាវ (របាយការណ៍CIA) ។

៥/តើផ្លូវយុទ្ធសាស្ត្រចិនស្អី នៅកណ្តាលស្រុកខ្មែរនេះ? បើចិនចង់វ៉ៃវៀតណាម ទីក្រុងហាណូយ មានចម្ងាយតែ៨០ គម. ពីព្រំដែនចិនវៀតណាម! បើនិយាយពីសមុទ្រចិនខាងត្បូង និងសមុទ្រឥណ្ឌា ចិនចូលតាមកំពង់ផែមីយ៉ាន់ម៉ា ! សត្រូវរបស់ចិនស្លាប់គ្មានសល់ទេ !

លោកអាចសម្រាកទៅ និងឈប់ឱ្យកូនមកបន្តវេនទៀត !

លោក​ ឥន សុផល បន្ថែមថា មិនផ្សាយពាណិជ្ជកម្មអីទេ តែបើចង់ដឹងល្បិចកលរបស់វៀតណាម សូមអានសៀវភៅ “កម្ពុជាក្នុងសង្គ្រាមវៀតណាម” អស់លោកនឹងយល់ច្បាស់ »៕

To Top