យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមជម្លៀសជនស៊ីវិលចេញពីទីក្រុងទីក្រុងរ៉ាហ្វា ក្នុងពេលឆាប់ៗនេះ មុនពេលមានផែនការវាយប្រហារលើទីក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
អ៊ីស្រាអ៊ែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុងរ៉ាហ្វា ពេញមួយយប់ក្រោយពីបានអះអាងថា ខ្លួននឹងជម្លៀសជនស៊ីវិលចេញពីទីក្រុងហ្គាហ្សាភាគខាងត្បូង ហើយបើកការវាយប្រហារទាំងស្រុង បើទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថា វាអាចបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើនក៏ដោយ ។
ក្រុមគ្រូពេទ្យនៅក្នុងក្របខណ្ឌប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធបានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ចំនួន៥ដងមកលើទីក្រុងរ៉ាហ្វា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបានវាយប្រហារត្រូវចំផ្ទះយ៉ាងហោចណាស់ចំនួន៣ខ្នងដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់រួមទាំងអ្នកកាសែតក្នុងស្រុកទៀតផង ។
លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់ដល់ទីភ្នាក់ងារ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា “យើងភ័យខ្លាចនូវអ្វី ដែលនឹងកើតឡើងនៅក្រុងរ៉ាហ្វា ហើយកម្រិតនៃការប្រុងប្រយ័ត្នគឺខ្ពស់ណាស់” ។
លោកបានបញ្ជាក់ថា “អ្នកខ្លះកំពុងចាកចេញ ពួកគេខ្លាចក្រុមគ្រួសារ ប៉ុន្តែពួកគេអាចទៅណាបាន? ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅភាគខាងជើងនោះទេ ដូច្នេះហើយត្រូវបានបង្ខាំងនៅក្នុងតំបន់តូចមួយ” ៕ ប្រែសម្រួល ឈូក បូរ៉ា