ហ្គាហ្សា៖ ក្រសួងសុខាភិបាល នៃក្រុមហាម៉ាស់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ របស់អ៊ីស្រាអែល បានកើនឡើងដល់ ៣៤,៣០៥នាក់ហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៣នាក់ និងរបួសចំនួន ៦៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤,៣០៥ នាក់ និងរបួសដល់ ៧៧,២៩៣ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣។
ក្រសួងបានបន្ថែមថា នៅមានជនរងគ្រោះជាច្រើនជាប់នៅក្រោមគំនរបាក់បែក ហើយការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធបានរារាំងក្រុមជួយសង្គ្រោះដើម្បីទៅដល់ពួកគេ។
ទន្ទឹមនឹងនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា អ្នកកាសែតម្នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនអ្នកកាសែតប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីខែតុលាឆ្នាំមុនដល់ ១៤១នាក់។
លោក Avichay Adraee អ្នកនាំពាក្យជាភាសាអារ៉ាប់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅលើវេទិកាសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា IDF បានវាយប្រហារលើគោលដៅជាង ៣០ នៅទូទាំងបន្ទះក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រួមទាំងឃ្លាំង អគារយោធា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕ ប្រែសម្រួល ឈូក បូរ៉ា